សិស្សអនុវិទ្យាល័យ ២២៥នាក់ មកពីអាស៊ានបូកបី នឹងចូលរួមកម្មវិធីវិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅកម្ពុជា
ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ចាប់ពីថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងសៀមរាប។
សិស្សអនុវិទ្យាល័យចំនួន២២៥នាក់ មកពីប្រទេសជាសមាជិកអាស៊ានទាំង១០ រួមនឹងប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ នឹងចូលរួមក្នុងរបកគំហើញ និងនវានុវត្តន៍វិទ្យាសាស្ត្រ ក្រោមប្រធានបទ៖ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ»។
ប្រធានបទនេះមានគោលបំណងជំរុញឱ្យមានដំណោះស្រាយបរិស្ថានបន្ទាន់តាមរយៈនវានុវត្តន៍ និងការកសាងបណ្តាញ ក្នុងចំណោមអ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងតំបន់អាស៊ាន+3។
កម្មវិធីឆ្នាំនេះនឹងរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយមជ្ឈមណ្ឌលអាស៊ាន+៣ សម្រាប់អ្នកដែលមានទេពកោសល្យក្នុងវិស័យវិទ្យាសាស្ត្រ (ACGS)។