Close

នាយឧត្តមសេនីយ៍ ស ថេត ស្នើឱ្យធនាគារ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ស ថេត ស្នើឱ្យធនាគារ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ស្នើឱ្យធនាគារ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នើឱ្យបណ្តាធនាគារឯកទេស ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ មានការទុកចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ព្រោះថានគរបាលជាតិជាអ្នកទទួលខុសត្រូវទៅលើកិច្ចការងារសន្តិសុខជាតិ ដូច្នេះគឺជាអ្នកដែលមាននីតិសប្បទាជានគរបាលយុត្តិធម៌ត្រឹមត្រូវអនុវត្តតាមផ្លូវច្បាប់ ឬការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើបែបនេះ ក្នុងពេល អញ្ជើញដឹកនាំកិច្ចប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី៣ ដោយកិច្ចប្រជុំលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅចុងឆ្នាំ២០២៣ និង កិច្ចប្រជុំលើកទី២ នៅដើមឆ្នាំ២០២៤ ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណជាង០៩ខែ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើទៅកាន់តំណាងធនាគារជាតិនៃកម្ពុជា និងក្រុមការងារ “ង” ពាក់ព័ន្ធការពង្រឹងលើប្រព័ន្ធចុះឈ្មោះបង្កើតគណនីធនាគារគ្រប់ប្រភេទ សូមឱ្យមានការតឹងរឹង និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ប្រសិនបើយើងបង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញអតិថិជនឱ្យប្រើប្រាស់សេវារបស់យើង ក៏វាមានផលលំបាក និងហានិភ័យត្រឡប់មកវិញដែរ ទន្ទឹមនោះបើយើងកំណត់លក្ខខណ្ឌនៃការបើកគណនីស្តង់ដារតែមួយ នោះងាយស្រួលដល់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាប់ នូវបទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា កិច្ចប្រជុំជាលើកទី៣ នាពេលនេះក្នុងគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយបន្ថែមឱ្យបានឆាប់រហ័សរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយបណ្តា ធនាគារឯកទេស ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ ក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ ពិសេសបទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា ហើយដើម្បីបង្ការទប់ស្កាត់បញ្ហាទាំងនេះឱ្យមានប្រសិទ្ធភាព ស្នើឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្កើនការផ្សព្វផ្សាយអប់រំ អំពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់គ្រប់មជ្ឈដ្ឋាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា ទន្ទឹមនោះដែរ សមាគម នៃធនាគារជាតិ ក៏ត្រូវធ្វើការទំនាក់ទំនងផ្តល់ព័ត៌មាន ក៏ដូចជាសហការផ្តល់អ្នកជំនាញ ដើម្បីធ្វើការជាមួយសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយក្នុងករណីផ្លាស់ប្តូរអ្នកជំនាញរបស់ខ្លួន សូមរៀបចំមនុស្សថ្មីឱ្យមានការទំនាក់ទំនងគ្នាបន្តទៀត។

គួរជម្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមចូលទៅកាន់តំណភ្ជាប់ hotline.police.gov.kh ឬឆាតទៅផេកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈ https://www.facebook.com/cambodiapolice៕

អត្ថបទទាក់ទង