រដ្ឋមន្ត្រី៖ ស្តង់ដារជាតិមានសារៈសំខាន់បំផុត ក្នុងក្របខ័ណ្ឌនៃការនាំចេញ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានថ្លែងថាស្តង់ដារជាតិមានសារៈសំខាន់បំផុត ក្នុងក្របខ័ណ្ឌនៃការនាំចេញ តាមរយៈការលើកកម្ពស់គុណភាព ការជំរុញផលិតកម្ម និងផលិតភាព។
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំលើកទី២៨ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះផ្តោតលើតួនាទីដ៏សំខាន់នៃស្តង់ដារជាតិក្នុងការជំរុញការនាំចេញ និងភាពប្រកួតប្រជែងពាណិជ្ជកម្មសកលនៃផលិតផលកម្ពុជា។
ឯកឧត្តម បានបន្ថែមថា អាជីវកម្មមួយចំនួននៅតែយល់ថាស្តង់ដារជាបន្ទុក ដូច្នេះ បេសកកម្មរបស់ក្រុមប្រឹក្សាគឺត្រូវអភិវឌ្ឍស្តង់ដារជាតិសំខាន់ៗឱ្យបានច្រើន ដើម្បីគាំទ្រផលិតផលកម្ពុជា។”
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យគណៈកម្មាធិការតាមវិស័យ កំណត់គោលដៅអភិវឌ្ឍន៍ស្តង់ដារ ដោយធ្វើអាទិភាវូបនីយកម្ម ឬការរៀបតាមលំដាប់លំដោយនៃសេចក្តីត្រូវការសេដ្ឋកិច្ចក្នុងវិស័យនីមួយៗ។ ឯកឧត្តមបានបន្ថែមថា៖ “យើងផលិតបានច្រើន ប៉ុន្តែបើគ្មានស្តង់ដារទេ ទីផ្សាររបស់យើងនៅតែតូចចង្អៀត។”
បន្ថែមពីនេះ ឯកឧត្តមក៏បានស្នើឱ្យក្រុមប្រឹក្សាស្តង់ដារជាតិពិនិត្យ និងកែលម្អស្តង់ដារដែលមានស្រាប់ ពិសេសស្តង់ដារដែលអនុម័តពីក្របខ័ណ្ឌអន្តរជាតិ ដែលអាចពិបាកអនុវត្តឱ្យបានពេញលេញក្នុងបរិបទកម្ពុជា។ ទន្ទឹមនឹងការពិភាក្សាអំពីវិធានផ្ទៃក្នុង, ដំណើរការនៃការអភិវឌ្ឍស្តង់ដារ, និងសមិទ្ធផលឆ្នាំ២០២៣, ក្រុមប្រឹក្សាស្តង់ដារជាតិ ក៏បានពិនិត្យអនុម័តសេចក្តីព្រាងស្តង់ដារសម្រាប់ស្រាអង្ករផងដែរ។ នេះជាកិច្ចខិតខំប្រឹងប្រែងបន្តរបស់ក្រុមប្រឹក្សា ក្នុងការលើកកម្ពស់គុណភាព និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វិទ្យាស្ថានជាតិស្តង់ដារ គឺជាស្ថាប័នសម្របសម្រួល និងជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ តែក្របខ័ណ្ឌកិច្ចសហការនៃក្រុមប្រឹក្សាស្តង់ដារជាតិ ដែលរួមមាន
គណៈកម្មាធិការតាមវិស័យ ពិតជាមានសារៈសំខាន់ណាស់។
ឯកឧត្តមបានបន្តថា៖ «ការរីកចម្រើនរបស់យើងក្នុងការអភិវឌ្ឍស្តង់ដារជាតិ ពឹងផ្អែកលើការរួមចំណែករបស់គណៈកម្មាធិការតាមក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់។»
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី២៨ បង្ហាញពីការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតក្របខ័ណ្ឌគាំទ្រដ៏ទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យស្តង់ដារនីយកម្មអាចជំរុញកំណើនសម្រាប់កម្ពុជា ទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ៕