អបអរសាទរ! ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី ១២ លើពិភពលោក
ភ្នំពេញ៖ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី ១២ លើពិភពលោកដោយ TripAdvisor’s Traveler Choice Awards.។ នេះ បើតាមក្រសួងទេសចរណ៍ផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤។
បើតាមក្រសួងទេសចរណ៍ ប្រាសាទបុរាណរបស់កម្ពុជា បានធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមានការងឿងឆ្ងល់ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្រ្តដ៏សម្បូរបែប។
កាលពីពេលថ្មីៗនេះ តាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»។
ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ។
ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៤៧.៥៣៤នាក់ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង ៤៧% ពីចំនួន ២៣៦.៣៤១នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសអង្គរ រមណីយដ្ឋានមួយនេះរកចំណូលបាន ១៦.៥លានដុល្លារ ពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ ពោលគឺកើនឡើង ៤៧% ពី ១១.១ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕