Close

ក្រុមហ៊ុន Royal Railway គ្រោងដាក់ឱ្យដំណើការទូរថភ្លើងមួយទឹកទិញពីជប៉ុនក្នុងពេលឆាប់ៗនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុន Royal Railway គ្រោងដាក់ឱ្យដំណើការទូរថភ្លើងមួយទឹកទិញពីជប៉ុនក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន Royal Railway គ្រោងដាក់ឱ្យដំណើការទូរថភ្លើងមួយទឹកទិញពីជប៉ុនក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េត ម្ចាស់ក្រុមហ៊ុន Royal Group គ្រោងដាក់ ឱ្យដំណើការទូរថភ្លើងមួយទឹកដែលបញ្ជាទិញពីប្រទេសជប៉ុន ប្រភេទ Kiha-183 ក្នុងពេលខាងមុខឆាប់ៗនេះ ក្រោយធ្វើតេស្តបើកបរសាកល្បងទូរថភ្លើងពីរគ្រឿងចុងក្រោយដោយជោគជ័យនារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា៖«សូមស្វាគម៍ Kiha 182-183 ២ទូចុងក្រោយឆ្លងកាត់ ការតេស្តបើកបរសាកល្បងមកកាន់ស្ថានីយ៍ភ្នំពេញដោយជោគជ័យនារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ! »។

ប្រភពដដែលបន្ថែមថា៖«ក្រុមហ៊ុន Royal Railway យើងខ្ញុំបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការថែទាំ ធ្វើតេស្តលើប្រព័ន្ធសុវត្ថិភាព ដំណើរការកង់ ប្រព័ន្ធហ្រ្វាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារចេញចូល ជណ្តើរឡើងចុះសម្រាប់អ្នកដំណើរ សម្ភារបរិក្ខាផ្សេងៗទៀត ក៍ដូចជាសុវត្ថិភាពនៅតាមផ្លូវ រួមទាំងសុវត្ថិភាពដែលមានផ្លូវគោកឆ្លងកាត់ផ្លូវដែក ដើម្បីធានាជូនបាននូវសុវត្ថិភាពខ្ពស់ និងមានផាសុកភាព មុននឹងសម្រេចដាក់ឱ្យដំណើរការទូថភ្លើងថ្មីនេះ ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ»។

ជាមួយគ្នានោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានចង្អុលបង្ហាញ និងណែនាំឱ្យក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក យកចិត្តទុកដាក់ចុះពិនិត្យ តាមដានជាប្រចាំលើដំណើរការបើកតេស្តសាកល្បង បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០០០មិល្លីម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា)។

គួរបញ្ជាក់ថា រថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៩គ្រឿងហើយ បានបើកបរតេស្តសាកល្បងទាំងផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) និងភាគខាងជើង(ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង) ប្រកបដោយជោគជ័យជាបន្តបន្ទាប់ កាលពីពេលកន្លងទៅថ្មីៗនេះ។ ការបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) ក្នុងល្បឿនចន្លោះ៥០-៨០km/h និងផ្លូវដែកភាគខាងជើង (ភ្នំពេញ-មានក) ចន្លោះពី៣០-៥០km/h៕

អត្ថបទទាក់ទង