Close

ក្រសួងវប្បធម៌ដាក់ឱ្យអនុវត្តការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្ប:ក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងវប្បធម៌ដាក់ឱ្យអនុវត្តការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្ប:ក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិ ក្រសួងវប្បធម៌ដាក់ឱ្យអនុវត្តការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្ប:ក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹងស្តីពីការរដាក់ឱ្យអនុវត្តនូវនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្ប:ក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាឌីជីថល។ នេះ បើតាមសេចក្តីជូនដំណឹងដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤។

សេចក្តីជូនដំណឹងដែលជំរាបជូនដល់ ម្ចាស់ទំនិញ ឬ តំណាងដែលមានបំណងស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូល វត្ថុសិល្បៈ បញ្ជាក់ថា ការរដាក់ឱ្យអនុវត្តនូវនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្ប:ក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិនេះ ដើម្បីធានាបានប្រសិទ្ធិភាព និងតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈ ស្របតាមប្រកាសលេខ ៥៧៥ សហវ.ប្រក ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ ស្តីពីការដាក់ឱ្យអនុវត្តជំហានដំបូងប្រព័ន្ធបញ្ជរតែមួយជាតិ របស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ឈរតែមួយជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។


នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«យន្តការនិងសេចក្តីណែនាំដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ» ដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាឌីជីថល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បញ្ជាក់ថា ដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធបញ្ជរតែមួយជាតិ ដោយអនុញ្ញាតឱ្យនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងៗ ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំងសម្រាប់វិស័យសាធារណ: និងវិស័យឯកជន សំដៅបង្កើនប្រសិទ្ធភាព ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែបបទនាំចេញ-ចូលទំនិញ ចំណេញពេលវេលា កាត់បន្ថយការិយាធិបតេយ្យក្នុងដំណើរការស្នើសុំលិខិតអនុញ្ញាតនិងកាត់បន្ថយចំណាយផងដែរ។

ក្នុងក្របខណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្តទៀតថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងបានសម្រេចដាក់ឱ្យអនុវត្តនូវនីតិវិធីក្នុងការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្ប: ក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិ ដោយអនុលោមតាមសេចក្តីជូនដំណឹងលេខ: ១១ ស.ជ.ណ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ និងសេចក្តីណែនាំ លេខ: ០១ ស.ណ.ន ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង