Close

មិនធម្មតា! ក្រុមហ៊ុនហុងដានៅកម្ពុជាមានសមត្ថភាពផលិតម៉ូតូចំនួន ១.៥០០ គ្រឿងក្នុងរយៈពេល ៨ម៉ោង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មិនធម្មតា! ក្រុមហ៊ុនហុងដានៅកម្ពុជាមានសមត្ថភាពផលិតម៉ូតូចំនួន ១.៥០០ គ្រឿងក្នុងរយៈពេល ៨ម៉ោង មិនធម្មតា! ក្រុមហ៊ុនហុងដានៅកម្ពុជាមានសមត្ថភាពផលិតម៉ូតូចំនួន ១.៥០០ គ្រឿងក្នុងរយៈពេល ៨ម៉ោង

ភ្នំពេញ៖ រោងចក្រក្រុមហ៊ុនហុងដា បច្ចុប្បន្នមានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១.៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង) ខណៈមកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន បានផលិតម៉ូតូជាង ៤,៣ លានគ្រឿង និងមានបណ្តាញចែកចាយដ៏ទូលំទូលាយនៅទូទាំងប្រទេស។

នេះ បើតាម តំណាងក្រុមហ៊ុន ហុងដា បង្ហាញជូន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពេល ឯកឧត្តម បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជធានីភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុន ហុងដា បានបង្ហាញទិដ្ឋភាពទូទៅនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន ដោយបង្ហាញដំណើរការផលិត ពីការសង្កត់ពុម្ព និងការផ្សារគ្រឿងបង្គុំ រហូតដល់ការជ្រលក់ថ្នាំ និងផ្គុំដំឡើង។

នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌីបានកោតសរសើរក្រុមហ៊ុនចំពោះនវានុវត្តន៍ ការផលិតក្នុងស្រុកជំនួសការនាំចូល និងបច្ច័យសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសម្រាប់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់ទាំងសម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។ ជាមួគ្នានោះ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុន ចំពោះប្រតិបត្តិការផលិត ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ ដំណើរទស្សនកិច្ចនេះបានផ្តល់ឱ្យឱកាសដល់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឃើញ និងស្វែងយល់ពីសមត្ថភាពរបស់ក្រុមហ៊ុន ហុងដា ដែលជាតួអង្គសំខាន់មួយក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ព្រមទាំងផ្តល់ឱកាសឱ្យក្រសួងបានធ្វើការជិតស្និទ្ធជាមួយក្រុមហ៊ុនដើម្បីដោះស្រាយរាល់កង្វល់នានា។ បច្ចុប្បន្ន គ្រឿងបង្គុំម៉ូតូហុងដា ឌ្រីម (Honda Dream) ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះគ្រឿងបង្គុំមួយចំនួនក៏ត្រូវបានផលិតនាំចេញទៅប្រទេសជិតខាងផងដែរ។ ការអភិវឌ្ឍនេះបានលើកមុខមាត់ផលិតផលកម្ពុជា និងបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដល់សហគ្រាសធុនតូច និងមធ្យម បានមកសិក្សាស្វែងយល់ពីស្តង់ដារ និងវិន័យការងាររបស់ក្រុមហ៊ុន។ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុនចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតក្នុងស្រុកជំនួសឱ្យការនាំចូល និងបានបញ្ជាក់ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។

លើសពីនេះ ឯកឧត្តមបានកោតសរសើរដល់ក្រុមហ៊ុន ហុងដា ដែលបានផលិតធនធានមនុស្សដែលមានបច្ចេកទេស និងបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីសិក្សាសក្តានុពលនៃការផលិតគ្រឿងបង្គុំមួយចំនួន ក្នុងចំណោមគ្រឿងបង្គុំជាង ៥០០ សម្រាប់ម៉ូតូហុងដាមួយគ្រឿង។

បន្ថែមលើការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានរបស់ក្រុមហ៊ុន ហុងដា ជាពិសេសការគ្រប់គ្រងទឹកកខ្វក់ ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តវិនិយោគលើនវានុវត្តន៍ ដូចជាបច្ចេកវិទ្យារូបូត ដើម្បីជួយកម្លាំងមនុស្ស ព្រមទាំងបន្តអភិវឌ្ឍធនធានមនុស្សក្នុងការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន ហុងដា ពិចារណាបើកឱកាសដល់វិចិត្រករខ្មែរអាចរួមចំណែកដល់ការរចនាម៉ូត ទន្ទឹមនឹងនោះស្វែងរកជម្រើសផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រីកលទ្ធភាពរបស់ប្រជាជនកម្ពុជាក្នុងការទិញម៉ូតូ ហុងដា និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ។

ក្រុមហ៊ុន ហុងដា តាមរយៈដៃគូក្នុងស្រុករបស់ខ្លួនគឺ NCX Co., Ltd. បានបង្កើតការងារជាង ២,០០០ កន្លែងក្នុងប្រទេសកម្ពុជា។ NCX គឺជាក្រុមហ៊ុនផលិត និងចែកចាយផ្តាច់មុខនូវម៉ូតូ ហុងដា នៅកម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតការងារ តាមរយៈប្រតិបត្តិការផលិត ផ្គុំ និងចែកចាយផលិតផល ហុងដា របស់ខ្លួន៕


អត្ថបទទាក់ទង