Close

ខេត្តពោធិ៍សាត់រងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករតិចជាងគេ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់រងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករតិចជាងគេ ខេត្តពោធិ៍សាត់រងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករតិចជាងគេ

ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់រងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករតិចជាងគេ ក្នុងចំណោម១៥ផ្សេងទៀត ដោយសារមានការទប់ស្កាត់បានទាន់ពេល ធ្វើឱ្យកាត់ផ្តាច់ការវាយលុកនិងការរីករាលដាលរបស់ដង្កូវ ទាំងតំបន់ដែលដង្កូវវាយលុក និងតំបន់ផ្សេងៗដែលកសិករបាញ់ថ្នាំកសិកម្មទប់ស្កាត់។

នេះ បើតាម ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូង លើដំណាំស្រូវប្រជាកសិករ នៅក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ។

ទោះជាយ៉ាងណាឯកឧត្តមក៏អំពាវនាវទៅដល់កសិករទាំងអស់ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលផ្ទុះឡើងនៅដង្កូវហ្វូងនៅឡើយ។ បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវហ្វូងនោះអាចបំផ្លាញដំណាំស្រូវក្នុងរយៈពេល២ទៅ៣ថ្ងៃអស់តែម្តង។

ឯកឧត្តមបន្ថែមថា បើប្រជាកសិករជួបប្រទះនិងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។

បើមិនមានការប្រែប្រួលទេ ឯកឧត្តបញ្ជាក់ថា តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ចាប់ពីថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារក្រសួង រួមទាំងអាជ្ញាធរពាក់ព័ន្ធនៅទូទាំងប្រទេស នៅតែបន្តចុះយ៉ាងសស្រាក់សស្រាំយទៅគ្រប់ទីតាំងដែលមានការផ្ទុះរាតត្បាតដង្កូវហ្វូងបំផ្លាញ់ដំណាំស្រូវ ដើម្បីធ្វើការណែនាំអំពីរបៀបប្រើប្រាស់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងជូនប្រជាកសិកម្មឱ្យបានជោគជ័យ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍ និងនាំយកដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករ នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានមន្ទីរកសិកម្ម មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។

ការបន្តចុះពិនិត្យអន្តរាគមន៍នេះ ធ្វើឡើងក្នុងគោលបំណងសិក្សានិងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករដែលចូលរួមប្រមាណជិត២០០គ្រួសារ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាស់ដង្កូវ ក្នុងតម្លៃសមរម្យ ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។




អត្ថបទទាក់ទង