Close

កម្ពុជាចូលរួមគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពី «ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះ ការស្រឡាញ់ភេទដូចគ្នា»

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជាចូលរួមគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពី «ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះ ការស្រឡាញ់ភេទដូចគ្នា» កម្ពុជាចូលរួមគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពី «ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះ ការស្រឡាញ់ភេទដូចគ្នា»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាមួយប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពី «ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះ ការស្រឡាញ់ភេទដូចគ្នា» ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤បញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមស្តីពី« ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា» ផ្តួចផ្តើមដោយ លោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដោយបានស្នើសុំឱ្យកម្ពុជាចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ តាមរយៈកិច្ចជំនួបចំនួនពីរលើករវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Jean-Marc Berthon និងកិច្ចជំនួបជាមួយ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

ប្រភពដដែលបន្ថែមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអបអរសាទរចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេសកម្ពុជា និងបានអរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែមានសេចក្តីមេត្តា ករុណា និងការសន្តោសប្រណី ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងតែងតែរំឭកដាស់តឿនកុំឱ្យមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសបញ្ញត្តិច្បាប់កម្ពុជា ពុំមានការដាក់ទោសទណ្ឌលើការស្រឡាញ់ភេទដូចគ្នាឡើយ។

សូមបញ្ជាក់ថា ការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំង លើសេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិ មនុស្ស និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក។ ទន្ទឹមនេះ ការចូលរួម គាំទ្រសេចក្តីថ្លែងការណ៍រួមនេះ បានបង្ហាញថា ប្រទេសកម្ពុជា ជាសង្គមមួយដែលមនុស្សគ្រប់រូបអាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង នៅក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ៕



អត្ថបទទាក់ទង