Close

សាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ សម្រេចការសាងសង់ប្រមាណ ៩៥%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ សម្រេចការសាងសង់ប្រមាណ ៩៥% សាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ សម្រេចការសាងសង់ប្រមាណ ៩៥%

ភ្នំពេញ៖ ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ គណ:ប្រតិភូសាលា រួមជាមួយកុងសុលតង់ និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់នៅការដ្ឋានអគារសាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីបណ្តាញសង្គមផ្លូវការរបស់សាលាវិជ្ជាជីវៈទេសចរណ៍នាឱកាសនោះ គណៈប្រតិភូ បានចុះត្រួតពិនិត្យទៅតាមបន្ទប់អគារសាលារួមមាន៖ បន្ទប់សិក្សារបស់សិស្ស បន្ទប់អនុវត្តរបស់សិស្ស បណ្ណាល័យ ផ្ទះបាយអនុវត្ត និងភោជនីយដ្ឋានអនុវត្ត បន្ទប់ធ្វើការ បន្ទប់សិក្ខាសាលា បន្ទប់ប្រជុំ ចំណតយានយន្ត ជាដើម ។

ប្រភពដដែលបន្ថែមថា ជាក់ស្តែង បន្ទប់ទាំងនេះ ធ្វើរួចរាល់ស្ទើរតែទាំងស្រុងហើយ នៅសល់ការបំពាក់សម្ភារ ឧបករណ៍ ឬគ្រឿងសង្ហារឹមតែប៉ុណ្ណោះ។ រីឯ អគារសាលាទាំងមូល រួមទាំងរបង សួនច្បារ ផ្លាកសញ្ញា គឺសាងសង់រួចរាល់ប្រមាណ ៩៤% និងមានសមត្ថភាពបណ្តុះបណ្តាលយុវជនចំនួន ២០០នាក់ នៅឆ្នាំទី១ ក្រោយដាក់ឲ្យដំណើរការជាផ្លូវការ។

សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះ នឹងរួចរាល់នៅឆ្នាំ២០២៤ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភាពកម្រិតខ្ពស់។ ដោយឡែក សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ ជាសាលាដំបូងរបស់ក្រសួងទេសចរណ៍ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ការសាងសង់អគារសាលានេះ អាចនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក នឹងរំពឹងថានៅឆមាសទី២ នៃឆ្នាំ២០២៤ ខាងមុខ។ ទន្ទឹមនឹងនោះ នៅឆ្នាំ២០២៤ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ អាចនឹងជ្រើសរើសសិស្ស-និសិ្សតចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ ដូចជាជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។

ជាមួយគ្នានេះ សាលាជាតិទេសចរណ៍មួយនេះ នឹងចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណឆ្លើយតបទៅការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍កម្ពុជា។ បន្ថែមពីនោះ សាលានេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលវាយតម្លៃ Center of Excellence ដើម្បីទទួលស្គាល់អ្នកមានបទពិសោធន៍ក្នុងជំនាញទេសចរណ៍។

សូមបញ្ជាក់ថា សំណង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ មានកម្ពស់ ៤ជាន់ លើផ្ទៃដីចំនួន ៤០០០ម៉ែត្រការ៉េ គ្រោងចំណាយថវិកា ៣ ៤៥១ ៩៧២.១១ដុល្លារ។ លើសពីនេះ ការដ្ឋានសាងសង់នេះ មានសណ្តាប់ធ្នាប់ល្អ អនាម័យ សុវត្ថិភាព និងបានទទួលលទ្ធផលសំណង់ល្អលើសពីការគ្រោងទុក៕

អត្ថបទទាក់ទង