Close

រដ្ឋមានគម្រោងអភិវឌ្ឍនៅតាមបណ្ដោយឆ្នេររអូត្រេះ និងនៅតំបន់អូរត្រជាក់ចិត្ត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមានគម្រោងអភិវឌ្ឍនៅតាមបណ្ដោយឆ្នេររអូត្រេះ និងនៅតំបន់អូរត្រជាក់ចិត្ត រដ្ឋមានគម្រោងអភិវឌ្ឍនៅតាមបណ្ដោយឆ្នេររអូត្រេះ និងនៅតំបន់អូរត្រជាក់ចិត្ត

ភ្នំពេញ៖ ក្រុមការងារលេខាធិការដ្ឋាននៃផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង បានឯកភាពចំពោះការអនុវត្តផែនការសកម្មភាពគម្រោងអភិវឌ្ឍនៅតាមបណ្ដោយឆ្នេរអូត្រេះ និងនៅតំបន់អូរត្រជាក់ចិត្ត និងបន្តស្នើសុំការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ។

ការឯកភាពនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំតំបន់អភិវឌ្ឍក្នុងខេត្តព្រះសីហនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នុ ដែលដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់, ព្រមទាំងមានការចូលរួមពីក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, និងក្រុមការងារពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ២០២៤។

ជាលទ្ធផល, អង្គប្រជុំគាំទ្រ និងឯកភាពចំពោះការអនុវត្តផែនការសកម្មភាពគម្រោងអភិវឌ្ឍនៅតាមបណ្ដោយឆ្នេរអូត្រេះ និងនៅតំបន់អូរត្រជាក់ចិត្ត និងបន្តស្នើសុំការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក្នុងន័យជំរុញវិស័យទេសចរណ៍ និងការអភិវឌ្ឍខេត្តព្រះសីហនុស្របតាមចក្ខុវិស័យរយ:ពេលវែង របស់ផែនការមេខេត្តព្រះសីហនុ ក្នុងការប្រែក្លាយខេត្តព្រះសីហនុជា មជ្ឍមណ្ឌលសមាហរណកម្មប្រចាំតំបន់ដែលដើរតួជាច្រកទ្វាអន្តរជាតិរបស់ប្រទេសកម្ពុជា ប៉ូលអភិវឌ្ឍន៍ជាតិ និងទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ។

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជា ស្ថិតនៅផ្នែកនិរតី(នៃប្រទេស) សម្បូរទៅដោយធនធានធម្មជាតិ មានសមុទ្រ កោះ ឆ្នេរ ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ទឹកជ្រោះ ឧទ្យានជាតិ ផ្កាថ្ម រួមទាំងជីវៈចម្រុះគ្រប់ប្រភេទដែលជាសក្តានុពលសម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោលដៅទេសចរណ៍ ប្រកបដោយប្រជាប្រិយភាពដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់មកទស្សនា លម្ហែ កម្សាន្ត ក្នុងមួយឆ្នាំៗ ដែលត្រូវប្រសិទ្ធនាមថា «តារារះនាទិសនិរតី»។

មិនតែប៉ុណ្ណោះខេត្តព្រះសីហនុ គឺជាច្រកចេញ-ចូលអន្តរជាតិ ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយមានអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែស្វយ័តអន្តរជាតិ ប្រព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងមានផ្លូវល្បឿនលឿនក្នុងការធ្វើដំណើរមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍និងអ្នកវិនិយោគ។
ជាងនេះទៅទៀត ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។

ជាពិសេសរាជរដ្ឋាភិបាលបានដាក់ចេញផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤។

បន្ថែមពីនេះ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ, មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។

អត្ថបទទាក់ទង