Close

អបអរសាទរ! ខេត្តព្រះសីហនុទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អបអរសាទរ! ខេត្តព្រះសីហនុទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល អបអរសាទរ! ខេត្តព្រះសីហនុទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ព្រះសីហនុ៖ខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខណៈ ខេត្តជាប់សមុទ្រមួយនេះ ជាខេត្តទី ៧ ហើយដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយកន្លងមកមានខេត្តចំនួន៦ រួមមានខេត្ត ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងរាជធានីភ្នំពេញ។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤បានថ្លែង គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន៧ដែលសម្រេចបានជាខេត្ត ODF រួមមានដូចជា ខេត្តស្វាយរៀង ព្រៃវែង ខេត្តកណ្តាល កំពង់ស្ពី កំពង់ឆ្នាំង កែប និងខេត្តព្រះសីហនុនេះ ជាខេត្តទី៧ ដែលសម្រេចបាននៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ។

ជាមួយគ្នានោះបានសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តព្រះសីហនុ សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។

ទាក់ទិននឹងបញ្ហានេះ ដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍អបអរសាទរខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេសកំពុង ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងក្នុងវិស័យដឹក ជញ្ជូនផ្លូវទឹកកម្ពុជា ដែលការណ៍នេះបង្ហាញឱ្យឃើញពី «ការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនកម្ពុជា»។

ឯកឧត្តមថ្លែងថា៖«ជ័យលាភីថ្ងៃនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម សាមគ្គីភាព ការតាំងចិត្ត បេ្តជ្ញាចិត្ត រួមគ្នា របស់អាជ្ញាធរមូលដ្ឋាន ដោយសហការគ្នាយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក»។

ឯកឧត្តមសង្កត់ធ្ងន់ទៀតថា៖«ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យ។ ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទនៅខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត»៕



អត្ថបទទាក់ទង