Close

បើធ្វើរឿងមួយនេះ កសិករដាំបន្លែនៅស្រុកត្រាំកក់ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
បើធ្វើរឿងមួយនេះ កសិករដាំបន្លែនៅស្រុកត្រាំកក់ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន បើធ្វើរឿងមួយនេះ កសិករដាំបន្លែនៅស្រុកត្រាំកក់ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន

តាកែវ៖ ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បងប្អូនកសិករអ្នកដាំបន្លែនៅស្រុកត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។

ឯកឧត្តម ឃឹម ហ្វីណង់ បានពន្យល់ថា៖« ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ»។

ឯកឧត្តម សង្កត់ទៀតថា ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា«ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រូបនេះបញ្ជាក់ទៀតថា ធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលដោយស្វ័យប្រវត្តិ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុកក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ ជៀសវាងការលួចកេងបន្លំនានា។

បើតាម ឯកឧត្តម ឃឹម ហ្វីណង់ រហូតមកទល់ពេលនេះ ក្រសួងកសិកម្ម បានចងក្រងសហគមន៍កសិកម្មទំនើបជាច្រើនរយទីតាំងមកហើយ ។ ជាមួយគ្នានេះ កសិករ ក៏ទទួលបាននូវ បានផលពីការចងក្រងនូវសហគមន៍នេះផងដែរ។

ស្រុកត្រាំកក់ ខេត្តតាកែវ ពិតជាមានសក្តានុពលខ្លាំងសម្រាប់ដំណាំបន្លែស្លឹក មូលដ្ឋានគ្រឹះមានរួចអស់ហើយ នៅសល់តែចេះចងក្រងគ្នាជាសហគមន៍តែបន្តិច ឈប់ប្រកួតប្រជែងគ្នាឯង និងងាកមកផលិតរួម និងគ្រប់គ្រងរួម ដើម្បីផ្គត់ផ្គង់បន្លែកុំឱ្យដាច់នៅក្នុងតម្លៃសមរម្យមួយ នោះយើងនឹងអាចមានទីតាំងដាំបន្លែទ្រង់ទ្រាយធំមួយនៅក្នុងខេត្តតាកែវ ដែលអាចប្រកួតប្រជែងជាមួយនឹងបន្លែនាំចូលបានហើយ។

ជាបឋម មានបងប្អូនអ្នកដាំបន្លែចំនួន ៤២គ្រួសារបានស្ម័គ្រចិត្តចុះឈ្មោះរួមគ្នាដើម្បីបង្កើតជាសហគមន៍កសិកម្មទំនើប។ ក្រុមការងារត្រូវការពេលសិក្សាលម្អិតបន្ថែមបន្តិចទៀត សង្ឃឹមថានឹងអាចបង្កើតបានជាសហគមន៍បន្លែដ៏ធំមួយនៅទីនេះក្នុងពេលឆាប់ៗនេះ៕


អត្ថបទទាក់ទង