អាមេរិកមើលឃើញអំពីសក្ដានុពលរបស់វិស័យស្រូវអង្ករកម្ពុជា និងបន្តនាំចេញទៅកាន់ទីផ្សារខ្លួន
ភ្នំពេញ៖ លោក Patrick Murphy អនុប្រធានប្រតិបត្តិផ្នែកស្រូវ និងធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister បានលើកឡើងថា លោកអាចមើលឃើញអំពីសក្ដានុពលរបស់វិស័យស្រូវអង្ករកម្ពុជា ហើយលោកនឹងបន្តចូលរួមនាំយកអង្ករកម្ពុជា និងផលិតផលផ្សេងៗទៀតតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការ ទៅទីផ្សារសហរដ្ឋអាមេរិក។
លោក Patrick Murphy បានលើកឡើងបែបនេះ នៅថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពេលលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ លោក Patrick Murphy និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបាននាំយកផលិតផលអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ រួមមានសហរដ្ឋអាមរិកជាដើម។
ជាមួយគ្នានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការមើលឃើញពីភាពចាំបាច់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅបង្កើនភាពប្រកួតប្រជែងលើតម្លៃភស្ដុភារកម្មកម្ពុជា ជាចំណែកជំរុញការនាំចេញ និងបង្កើនផលចំណេញ ចំពោះវិនិយោគិនផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យលោក Patrick Murphy ពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មផ្សេងទៀតរួមមានជាអាទិ៍ ម្រេច គ្រាប់ស្វាយចន្ទី និងចេកជាដើម ទៅទីផ្សារសហរដ្ឋអាមេរិក។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកថា នៅក្នុងជំនួបនេះ លោក Patrick Murphy បានបង្ហាញការពេញចិត្តចំពោះគុណភាពអង្ករកម្ពុជា ហើយលោកនឹងសិក្សាទៅលើរោងម៉ាស៊ីនកិនស្រូវ ដែលមានសក្តានុពល ដើម្បីអាចផ្គត់ផ្គង់ដល់ក្រុមហ៊ុនបាន។ នៅពេលខាងមុខ លោកនឹងត្រឡប់មកវិញ ដើម្បីធ្វើការបញ្ជាទិញពីកម្ពុជា ក្នុងនោះអង្ករដែលក្រុមហ៊ុននេះ រកទិញគឺប្រភេទអង្ករក្រអូប។
លោកបានលើកឡើងថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំ ដោយក្នុងមួយឆ្នាំៗ បាននាំចូលអង្ករប្រមាណជាង១លានតោន និងមាននិន្នាការប្រើប្រាស់អង្ករក្រអូបច្រើន ដោយសារប្រទេសនេះជាប្រទេសដែលមានចម្រុះជាតិសាសន៍រស់នៅ ដែលធ្វើឱ្យតម្រូវការអង្ករក្រអូបមានការកើនឡើង។
លោកយល់ថា ប្រសិនបើមានបញ្ជាទិញពីសហរដ្ឋអាមេរិក នាពេលខាងមុខ នឹងអាចស្រូបយកអង្ករក្រអូបពីកម្ពុជា ច្រើនជាងសហភាពអឺរ៉ុប២ដង។
ក្រុមហ៊ុន Otis McAllister គឺជាក្រុមហ៊ុនអាហារចំណាស់បំផុតមួយនៅក្នុងតំបន់ San Francisco Bay ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានទីស្នាក់ការនៅរដ្ឋ Oakland និងធ្វើអាជីវកម្មនៅក្នុងប្រទេសជាង១៦ នៅជុំវិញពិភពលោក៕