Close

អណ្តើកព្រិចចំនួន ១០០ ក្បាល បានលែងឱ្យចូលទៅក្នុងព្រៃវិញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អណ្តើកព្រិចចំនួន ១០០ ក្បាល បានលែងឱ្យចូលទៅក្នុងព្រៃវិញ អណ្តើកព្រិចចំនួន ១០០ ក្បាល បានលែងឱ្យចូលទៅក្នុងព្រៃវិញ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាអណ្តើក និងកន្ធាយពិភពលោក ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក ដែលជាដៃគូអភិរក្សរបស់ USAID មរតកបៃតង សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រលែងសត្វអណ្ដើកព្រិចចំនួន ១០០ ក្បាលចូលទៅក្នុងកន្លែងដែលមានការការពារកាលពីឆ្នាំមុន ក្នុងគោលបំណងដើម្បីស្តារ និងបង្កើនចំនួនសត្វអណ្តើកប្រភេទដ៏កម្រនេះឡើងវិញ និងការពារកុំឱ្យផុតពូជពីក្នុងតំបន់នេះ។

បើតាម អង្គការ USAID មរតកបៃតង ពេលនេះ កន្លែងរស់នៅរបស់អណ្តើកព្រិចទាំងនេះត្រូវបានបើកចំហ ប៉ុន្តែពួកវាកំពុងស្ថិននៅក្រោមការមើលថែ និងតាមដានដោយក្រុមការងារជីវៈចម្រុះរបស់ ACCB និង Rising Phoenix នៅឡើយ ដើម្បីធានាឱ្យពួកវាធ្វើការសម្របខ្លួនបាននឹងការរស់នៅក្នុងព្រៃដោយជោគជ័យ។

អណ្ដើកព្រិច គឺជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារតែការបាត់បង់ទីជម្រក ការប្រម៉ាញ់សម្រាប់ជួញដូរធ្វើសត្វចិញ្ចឹម និងការយកមកធ្វើជាអាហារ។ អណ្តើកទាំងនេះមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំង។

ការប្រែប្រួលអាកាសធាតុក៏បានធ្វើឱ្យស្ថានភាពបន្តពូជរបស់ពួកវារងគ្រោះកាន់តែធ្ងន់ធ្ងរឡើងផងដែរ ដោយសារតែការកើនឡើងនៃសីតុណ្ហភាពអាចធ្វើឱ្យភេទរបស់កូនអណ្តើកដែលញាស់មិនមានសមាមាត្រ ហើយវាជាការគំរាមកំហែងដល់ការបន្តពូជរបស់វានាពេលអនាគត។

USAID មរតកបៃតង បាននឹងកំពុងធ្វើការជាមួយ ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក និងអ្នកពាក់ព័ន្ធដើម្បីការពារ អភិរក្ស និងស្ដារឡើងវិញនូវជីវៈចម្រុះនៅក្នុងភាគខាងជើងរបស់កម្ពុជា។ យើងក៏ប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការពារសត្វដ៏កម្រទាំងនេះតាមរយៈការការពារជម្រកសត្វព្រៃ កៀរគរការចូលរួមរបស់សហគមន៍ និងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាដើម៕

អត្ថបទទាក់ទង