Close

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់លម្អិតបន្ថែមអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់ឧបនាយករដ្ឋមន្ត្រីវៀតណាម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់លម្អិតបន្ថែមអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់ឧបនាយករដ្ឋមន្ត្រីវៀតណាម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់លម្អិតបន្ថែមអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់ឧបនាយករដ្ឋមន្ត្រីវៀតណាម

តូក្យូ៖ ក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្តីពីអនាគតរបស់អាស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងគណៈប្រតិភូអមនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការពន្យល់លម្អិតបន្ថែមអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Lee Minh Khai ផងដែរ ដោយគម្រោងនេះជាព្រែកជីក ដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះគម្រោងនេះ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល ២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ដែលក្នុងនោះមានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និងកម្រិតវិស្វករចំនួន ៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ទៀតថា ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%។

បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការផ្តល់ទិន្នន័យយ៉ាងជាក់លាក់ចំពោះគម្រោងនេះ ភាគីគណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសម្តែងការយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដោយសង្ឃឹមថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។

“ព្រែកជីកហ្វូណនតេជោ”ជាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ ជាគម្រោងប្រវត្តិសាស្ត្រដំបូងគេក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ។ ការសាងសង់ផ្លូវទឹកថ្មីនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយពេលប្រហែល៤ឆ្នាំដើម្បីបញ្ចប់ ដោយចំណាយថវិការប្រហែល ១.៧ ពាន់លានដុល្លារ៕

អត្ថបទទាក់ទង