Close

កម្ពុជា ជំរុញឱ្យ ជប៉ុន អនុវត្តគម្រោងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជា ជំរុញឱ្យ ជប៉ុន អនុវត្តគម្រោងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ កម្ពុជា ជំរុញឱ្យ ជប៉ុន អនុវត្តគម្រោងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យប្រទេសជប៉ុនជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។

ការជំរុញនេះ ធ្វើឡើង នៅថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេល ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមក្នុងវេទិកាអន្តរអនាគតអាស៊ី លើកទី២៩ និង បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

ក្នុងឱកាសជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណទៅកាន់មិត្តជប៉ុនដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាក់ស្តែងនៅដើមអាណត្តិទី៧នេះផងដែរ រាជរដ្ឋាភិបាលបានធ្វើការសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់មិត្តជប៉ុនជាបន្តបន្ទាប់រួមមាន ផ្លូវជាតិលេខ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី២ ជំហានទី១។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសំណូមពរឱ្យភាគីជប៉ុនជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឱ្យបានកាន់តែឆាប់រហ័សដើម្បីធានាបានថាគម្រោងការនេះនឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញនូវការតាំងចិត្តថា នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទទាក់ទង