Close

ថ្នាក់ដឹកនាំចិនស្នើសុំឱ្យបង្កើតទីក្រុងរណបមួយក្បែរតំបន់សេដ្ចកិច្ចពិសេសចេជាង-កោះកុង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ថ្នាក់ដឹកនាំចិនស្នើសុំឱ្យបង្កើតទីក្រុងរណបមួយក្បែរតំបន់សេដ្ចកិច្ចពិសេសចេជាង-កោះកុង ថ្នាក់ដឹកនាំចិនស្នើសុំឱ្យបង្កើតទីក្រុងរណបមួយក្បែរតំបន់សេដ្ចកិច្ចពិសេសចេជាង-កោះកុង

ភ្នំពេញ៖ ឯកឧត្តម Guo Xingfu អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តចេជាង និងប្រធានក្រុមហ៊ុនធំៗ នៃខេត្តចេជាង សាធារណៈរដ្ឋប្រជាមានិតចិន ស្នើសុំឱ្យមានការបង្កើតទីក្រុងរណបមួយក្បែរតំបន់សេដ្ចកិច្ចពិសេសចេជាងកោះកុង ដើម្បីអាចឱ្យបុគ្គលិក កម្មករ និងអ្នកវិនិយោគងាយស្រួលក្នុងការស្នាក់នៅ និងសេវារដ្ឋបាលផ្សេងៗ ក្នុងនោះ ក្រុមហ៊ុន KASEN GROUP ក៏មានជំនាញអភិវឌ្ឍន៍ទីក្រុងផងដែរ។

ឯកឧត្តម Guo Xingfu បានស្នើបែបនេះ ក្នុងពេលគណៈប្រតិភូខេត្តកោះកុង ដែលដឹកនាំដោយ លោក អ៊ុក ភ័ក្រ្តា ចូលជួបសំដែងការគួរសមជាមួយ នៅអគារពាណិជ្ជកម្ម Zhejiang World Trade Centre
របស់ប្រទេសចិនថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តម Guo Xingfu ក៏បានស្នើជួយ គាំទ្រកំពង់ផែ Ningbo ដែលជាកំពង់ផែធំរបស់ខេត្តចេជាង និងជាកំពង់ផែធំទី៣នៃប្រទេសចិន ដែលជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់ សម្រាប់ប្រទេសចិន និងឆ្លងកាត់ផ្លូវទឹកប្រទេសកម្ពុជា ពិសេសអាចរកដៃគូរវិនិយោគគិនចិន កសាងកំពង់ផែទឹកជ្រៅ នៅខេត្តកោះកុង ព្រោះបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ប្រទេសសិង្ហបុរីមានតម្លៃថ្លៃពេក។

ឆ្លើយតបនឹងសំណូមពរទាំង២នេះ គឺរដ្ឋបាលខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា នឹងរៀបចំជារបាយការណ៍ ដាក់ជូនក្រសួងមហាផ្ទៃ នឹងស្នើសូមគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។

ក្នុងនោះលោកអ៊ុក ភក្ត្រា ក៏បានស្នើសុំ២ចំណុច ពីភាគីខេត្តចេជាងផងដែរគឺ ស្នើសូមចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចេជាង នៃសាធារណៈរដ្ឋប្រជាមានិតចិន និង ស្នើសូមថ្នាក់ដឹកនាំខេត្តចេជាង ជួយផ្សព្វផ្សាយ និងនាំយកវិនិយោគទុនចិន ទៅបណ្តាក់ទុន រកស៊ីក្នុងប្រទេសកម្ពុជា ពិសេសខេត្តកោះកុងតែម្តង ព្រោះខេត្តកោះកុង មានសក្តានុពលល្អ លើវិស័យកំពង់ផែ វិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ដែលស្រដៀងគ្នានឹងខេត្តចេជាង។

ក្នុងឱកាសនោះដែរ លោកអ៊ុក ភក្ត្រា បានបង្ហាញពីគោលបំណង ក្នុងកិច្ចសហប្រតិបត្តិការ និងស្នើសូមការគាំទ្រលើការវិនិយោគនៅខេត្តកោះកុង ដោយបង្ហាញពីភូមិសាស្រ្ត សក្តានុពលខេត្ត ប្រព័ន្ធអនុគ្រោះនៃច្បាប់វិនិយោគកម្ពុជា ដោយបញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) តាមរយៈកម្មវិធី One Stop Service ធ្វើឱ្យការដាក់ពាក្យស្នើសូមវិនិយោគមានភាពរហ័ស មានប្រសិទ្ធភាព ដើម្បីជំរុញការវិនិយោគបរទេសកាន់តែច្រើន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា តែងគាំទ្រយ៉ាងពេញទំហឹងលើគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road) និងកសាងមិត្តភាពដែកថែប អនាគតតែមួយកម្ពុជា-ចិន។

ជាមួយគ្នានោះ ឯកឧត្តម Guo Xingfu បានចាត់ទុកប្រទេសកម្ពុជា មានភូមិសាស្រ្តល្អ សំបូរទៅដោយធនធានធម្មជាតិ កម្លាំងពលកម្ម ដែលជាយុវជនច្រើន និងមានប្រព័ន្ធសន្តិសុខល្អ ស្ថេរភាពនយោបាយល្អ ដែលធ្វើឱ្យវិនិយោគទុនចិន បានសម្លឹងឃើញឱកាសវិនិយោគជាច្រើននៅប្រទេសកម្ពុជា។

ឯកឧត្តម បន្ថែមថា សម្រាប់ខេត្តចេជាង ក្រុមហ៊ុន KASEN GROUP បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ក្នុងដំណាក់កាលទី១ និងកំពុងបង្កើតតំបន់សេដ្ចកិច្ចពិសេស ដំណាក់កាលទី២ នៅខេត្តកោះកុង ហើយតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង មានផ្ទៃដីធំទូលាយ ដល់៧០៧ហិកតា ដែលនឹងអាចដំណើការរោងចក្រ និងក្រុមហ៊ុនជាច្រើន ក្នុងនោះរោងចក្រ និងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KASEN GROUP ក៏នឹងទៅតម្លើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង ដែលអាចទាញស្របកម្លាំងពលកម្មប្រមាណ១ម៉ឺននាក់ សម្រាប់ជំហានទី១ និងកើនដល់៥ម៉ឺននាក់សម្រាប់ ពេលអនាគត៕

អត្ថបទទាក់ទង