Close

រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីកែលម្អចំណុចខ្វះខាតលើគម្រោងសហគមន៍កសិកម្មទំនើប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីកែលម្អចំណុចខ្វះខាតលើគម្រោងសហគមន៍កសិកម្មទំនើប រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីកែលម្អចំណុចខ្វះខាតលើគម្រោងសហគមន៍កសិកម្មទំនើប

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកិច្ចប្រជុំសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីក្រោមឱវាទកែលម្អចំណុចខ្វះខាតលើគម្រោងសហគមន៍កសិកម្មទំនើប។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជំរុញធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការកែលម្អសហគមន៍នូវចំណុចខ្វះខាតឱ្យមានភាពល្អរឹងមាំ និងបន្តអ្វីដែលជាភាពខ្លាំងរបស់ពួកគាត់ លើគ្រប់អនុវិស័យទាំងអស់ទាំងកសិកម្ម ព្រៃឈើ ជលផល សត្វ និងកៅស៊ូ ដែលអាចជួយឱ្យសហគមន៍ប្រែក្លាយរូបរាងទៅជាលក្ខណៈក្រុមហ៊ុនមួយពេញលក្ខណៈ ដោយផ្តោតសំខាន់លើគុណភាព មានទីផ្សារ មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ផ្តល់ផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំត្រូវយល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ទើបអាចពន្យល់ដល់សហគមន៍ចំគោលដៅ និងមានប្រសិទ្ធភាព។

លើសពីនេះទៀត ក្រុមការងារត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ធ្វើយ៉ាងណាឱ្យកសិករចេះធ្វើការរួមគ្នា សហការគ្នាល្អ ដើម្បីជួយឱ្យមានការវិនិយោគពិតរីកចម្រើនទាំងអស់គ្នា និងមិនមានការយល់ខុសបន្តទៀតលើរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យើងមិនលុបបំបាត់សហគមន៍ចាស់ទេ តែយើងធ្វើលើអ្វីដែលមានស្រាប់ ហើយប្រែក្លាយមកជាសហគមន៍កសិកម្មទំនើប ដូច្នេះត្រូវពិនិត្យ និងជំរុញឱ្យចេញជារូបរាង ដោយគិតផលសេដ្ឋកិច្ចជាធំ។

បើតាម ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្សែរថភ្លើងនៃសហគមន៍កសិកម្មទំនើប ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ កំពុងចាប់ផ្តើមចេញដំណើរដោយសន្សឹមៗហើយ។ ទោះបីជាស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ តែការងារដែលដឹកនាំផ្ទាល់ដោយក្រសួងកសិកម្មមួយនេះ ធ្វើឡើងប្រកបដោយភាពប្រាកដនិយម សំដៅផ្តល់ដំណោះស្រាយជាក់លាក់ជូនដល់បងប្អូនប្រជាកសិកររបស់យើងនៅតាមមូលដ្ឋាន។

ឯកឧត្តម បន្ថែមថា កាលពីពេលថ្មីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើដំណើបេសកកម្មពេញមួយសប្តាហ៍ ៤ខេត្ត ៥សហគមន៍ លើចម្ងាយផ្លូវជិត ២០០០គីឡូម៉ែត្រ បានបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាព លើការដោះស្រាយបញ្ហាប្រឈមរបស់ពុកម៉ែបងប្អូនប្រជាកសិករដោយផ្ទាល់ តាមរយៈការលើកទឹកចិត្តឱ្យចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីការពារពួកគាត់ពីហានិភ័យនានា ដូចជាហានិភ័យទីផ្សារ ដើមទុន បច្ចេកទេស និងការប្រែប្រួលអាកាសធាតុជាដើម៕

អត្ថបទទាក់ទង