ក្រុមហ៊ុនកូរ៉េ បង្ហាញគម្រោងវិនិយោគកែច្នៃកាកសំណល់ ផលិតជាថាមពលអគ្គិសនីនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដឹកនាំដោយលោកតាបណ្ឌិត កុល ផេង។
ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានឆ្លៀតឱកាសនេះដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះគម្រោងវិនិយោគរបស់ខ្លួន។
តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះក្រុមហ៊ុនបានបង្ហាញថាបច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។
ឆ្លើយតបក្នុងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕