Close

កាតាត្រៀមខ្លួនធ្វើកិច្ចសហការជាមួយកម្ពុជា ដើម្បីរៀបចំផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរជូនវិនិយោគិន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កាតាត្រៀមខ្លួនធ្វើកិច្ចសហការជាមួយកម្ពុជា ដើម្បីរៀបចំផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរជូនវិនិយោគិន កាតាត្រៀមខ្លួនធ្វើកិច្ចសហការជាមួយកម្ពុជា ដើម្បីរៀបចំផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរជូនវិនិយោគិន

ភ្នំពេញ៖ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជាបានថ្លែងថាប្រទេសកាតាត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការចូលរួមរៀបចំផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរជូនវិនិយោគិន តាមរយៈកិច្ចសហការតភ្ជាប់ជាមួយសភាពាណិជ្ជកម្មកាតា និងតំណាងក្រសួងស្ថាប័នកាតាដែលទទួលបន្ទុកការងារវិនិយោគ។

ឯកឧត្តម Khalid Ali Abdullah Abel បានលើកឡើងបែបនេះ ក្នុងពេល ជួបពិភាក្សាការងារជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាក្នុងគោលបំណងស្វែងយល់ពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ខណៈឯកឧរ្តមកំពុងធ្វើដំណើទស្សនកិច្ចការងារនៅរាជធានីភ្នំពេញ ។

ជាមួយគ្នានោះដែរ ឯកឧត្តម Khalid Ali Abdullah Abel បាន ប្តេជ្ញានិងចូលរួមយ៉ាងសកម្មក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។

ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរាជទូតចំពោះស្មារតីនៃការផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានជូនពរឯកឧត្តម Khalid Ali Abdullah Abel ព្រមទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅរាជធានីភ្នំពេញនាពេលនេះ។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា
បានជម្រាបជូនពីរចនាសម័្ពន្ធដឹកនាំ និងតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ហើយដែលមានមុខងារជាសេនាធិការនិងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំនិងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងក្របខណ្ឌវិនិយោគ ឯកឧត្តមអគ្គលេខាធិការរង ក៏បានជម្រាបជូនផងដែរពីច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធនានា, ការផ្តល់ការលើកទឹកចិត្ត, ការចុះបញ្ជី និងកិច្ចសម្រួលវិនិយោគ, វិស័យវិនិយោគអាទិភាព, ស្ថានភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន ដែលមានបំណងមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ រឺមកបណ្តាក់ទុននៅកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូតកាតា បានសម្តែងនូវក្តីរីករាយដែលបានយល់ច្បាស់ ព្រមទាំងវាយតម្លៃខ្ពស់ពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អត្ថបទទាក់ទង