Close

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្ដេជ្ញាចិត្តនិងដាក់ចេញនូវវិធានការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជាឱ្យកាន់តែសកម្មខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និងទស្សនៈដឹកនាំប្រកបដោយភាពឈ្លាវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស បានជាង ១,៨០០ករណី ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ក្រាបបាន ១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់ (ស្រី ៣៥នាក់) រឹបអូសគ្រឿងញៀនបានជិត ២តោន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ បង្ក្រាប បានចំនួន ១,៦៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៣,៩០៣នាក់ (ស្រី ២៧០នាក់) រឹបអូសគ្រឿងញៀន បានជាង ៨០គីឡូក្រាម។

ក្នុងនាមអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញឿនខុសច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកលទ្ធផលសម្រេចបាននេះ ថាពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងឆន្ទៈមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឯកឧត្តមអភិសន្តិបណ្ឌិត បានរម្លឹកថា សម្តេចធិបតី បានផ្តល់អនុសាសន៍ណែនាំឱ្យចាត់វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមយុទ្ធសាស្រ្ត «សម្អាតចកដើម្បីឱ្យទឹកថ្លាពេញផ្ទៃបឹង» និងបានដាក់ចេញបទបញ្ជាលេខ ០១បប ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន សំដៅការពារសុខុមាលភាពប្រជាពលរដ្ឋ រួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។

ផ្អែកតាមលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន ៨លើក កន្លងទៅ ពោលគឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន៥៥,៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០,៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ប្រមាណ២៧,៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ៥២០,០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈនិង វត្ថុតាងជាច្រើនទៀត។

សមត្ថកិច្ចក៏បានស្រាវជ្រាវ បានរកឃើញនិងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំងចំនួន៤៣៥ករណី ឃាត់ខ្លួនមេក្លោង១៦៤នាក់ និងខ្សែរយៈបណ្តាញ៨១១នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ផងដែរ។ លទ្ធផលនេះធ្វើឱ្យកម្ពុជាទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងនោះការបង្កករឹបអូសទ្រព្យសម្បត្តិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក៏បានរួមចំណែកធ្វើឲ្យកម្ពុជាចាកចេញពីបញ្ជីប្រផេះនៃ FATFផងដែរ

ភ្ជាប់នឹងការផ្ដល់វិធានការគន្លឹះមួយចំនួន ក្នុងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញការណែនាំ៤ចំណុច ទៅកាន់មន្រ្តីពាក់ព័ន្ធក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩  ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ធ្វើតេស្ដ របៀបក្នុងការធ្វើតេស្ដ ការបញ្ជាក់លទ្ធផលតេស ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន៕

អត្ថបទទាក់ទង