គម្រោងវិនិយោគចំនួន ១៤ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ កិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទ ចំនួន ១៤ គម្រោង ។
គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១០ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ២១៣ លាន ដុល្លារអាមេរិក ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ។
ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែល សម្តេចធិបតីបនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។ តាមរយៈនេះ និង ជាបន្តបន្ទាប់ គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ២៧ ។
ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន ១២ ទៀត ។
បន្ថែមលើនេះ, ក្រុមការងារក៏បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគីចំនួន ១ ករណីក្នុងខេត្តព្រះសីហនុ ដើម្បីជំរុញការដោះស្រាយគម្រោងសាងសង់អគារជាប់គាំង ។ ទន្ទឹមនេះ, ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ និង ការសិក្សារៀបចំ និង ពង្រឹងតំបន់ឧស្សាហកម្ម ឬ តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ។
លើសពីនេះទៀត, ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលមានការពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ១០០ លានដុល្លារអាមេរិក ។
សូមជម្រាបជូនថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច ។ លើសពីនេះ, ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម ។
ជាមួយនេះ, សហគ្រាស ឬ គម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និង សម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និង ការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ជាពិសេស ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចនៅខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ ។
ទន្ទឹមនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕