Close

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “កញ្ចប់ស្តង់ដាវាយតម្លៃសមត្ថភាព”

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “កញ្ចប់ស្តង់ដាវាយតម្លៃសមត្ថភាព” ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “កញ្ចប់ស្តង់ដាវាយតម្លៃសមត្ថភាព”

ភ្នំពេញ៖ ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “កញ្ចប់ស្តង់ដាវាយតម្លៃសមត្ថភាព” សម្រាប់គុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត ២ សញ្ញាបត្រវិជ្ជាជីវៈ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ​។

សិក្ខាសាលាត្រូវបានរៀបចំធ្វេីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រជាគណៈកម្មការគ្រប់គ្រងគម្រោង ហូកា រួមជាមួយលោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការ SwissContact

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ជាប្រវត្តិសាស្ត្រនេះកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃដំណើរការរៀបចំគុណវុឌ្ឍិជាតិ ក្រោយពីបានបានឆ្លងកាត់ដំណាក់កាលរៀបចំឯកសារសំខាន់ៗរួមមាន៖ (១) កម្រងសមត្ថភាព (២)ស្តង់ដាសមត្ថភាព (៣)កម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញការ និងគ្រូឧទ្ទេស ដែលបានខិតខំសរសេរ និងចងក្រងរៀបចំឯកសារនីមួយៗឡើង ដើម្បីដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាពិគ្រោះយោបល់ជាដំណាក់ៗ ដើម្បីទទួលបានយោបល់ និងធាតុចូលសំខាន់ៗ ដើម្បីឲ្យឯកសារនីមួយៗមានសង្គតិភាព និងគ្រប់ជុ្រងជ្រោយ ហើយអាចយកទៅប្រើប្រាស់បានជាផ្លូវការសម្រាប់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជន នាថ្ងៃអនាគត។

លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីស ខន់ថាក់ បានលើកឡើងថា ការរៀបចំសាកល្បងគុណវុឌ្ឍិសញ្ញាបត្រវិជ្ជាជីវៈ១ ក្របខណ្ឌគុណវុឌ្ឍិជាតិ លើជំនាញការិយាល័យជួរមុខនិងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ នឹងផ្តល់នូវច្រកសិក្សា និងការទួលស្គាល់ជំនាញច្បាស់លាស់កម្រិតជាតិ ដល់អ្នកជំនាញទេសចរណ៍កម្ពុជា ហើយអាចចាប់យកការសិក្សា ឬវាយតម្លៃកម្រិតកាន់តែខ្ពស់រហូតទទួលបានវិញ្ញាបនបត្រសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបើកផ្លូវសិក្សាពេញមួយជីវិតដល់យុវជនកម្ពុជា។

សូមរំលឹកផងដែរថា ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact ក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២នេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាបានចំនួនសរុប ៤,១០៦នាក់ (ស្រី២,៥៥៣នាក់) លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឆុងកាហ្វេ ចុងភៅ មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល ហូកា នៅតាមបណ្តាខេត្តគោលដៅគម្រោងចំនួន១០ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ហើយអ្វីដែលជាទីមោទន គឺទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) បានអនុម័តឲ្យពង្រីកខេត្តគោលដៅថ្មីចំនួន ២ខេត្ត បន្ថែមទៀតគឺខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង សម្រាប់ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨ ខាងមុខ។

អត្ថបទទាក់ទង