Close

ខេត្តកំពតនឹងមានតំបន់ទេសចរណ៍បែបសាសនាថ្មីមួយទៀតនៅលើកំពូលភ្នំទ្វារស្ថិតក្នុងស្រុកដងទង់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តកំពតនឹងមានតំបន់ទេសចរណ៍បែបសាសនាថ្មីមួយទៀតនៅលើកំពូលភ្នំទ្វារស្ថិតក្នុងស្រុកដងទង់ ខេត្តកំពតនឹងមានតំបន់ទេសចរណ៍បែបសាសនាថ្មីមួយទៀតនៅលើកំពូលភ្នំទ្វារស្ថិតក្នុងស្រុកដងទង់

កំពត៖ ខេត្តកំពត ដែលជាខេត្តជាប់មាត់សមុទ្រ និងទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា នឹងមានវត្តមានតំបន់ទេសចរណ៍បែបសាសនាថ្មីមួយទៀត នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់ ) ខណៈ នៅ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ បានបញ្ចុះបឋមសិលាសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលនេះ។

គម្រោងនៃ ការសាងសង់ប្រាសាទលោកយាយម៉ៅ ជាការចូលរួមថវិកាផ្ទាល់ពីសំណាក់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ បែបសាសនា ថ្មីមួយទៀត សម្រាប់ ឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរឡើងទៅកាន់ភ្នំនេះ ដើម្បីបន់ស្រន់ រួមជាមួយនឹងគយគន់ទេសភាពវាសស្រែ វាលស្រូវ និងភូមិឋានរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់បន្ថែមថា ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំ ដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង ដើម្បីទាក់ទាញទេសចរណ៍ផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅ គេអាចមើលឃើញវាលស្រែចំការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពត។

ឯកឧត្តម សង្កត់ទៀតទៀតថា៖« ដូច្នេះប្រាសាទលោកយាយម៉ៅ មិនត្រឹមតែជាទីសម្រាប់គោរពបូរជា និងបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ ថែមទាំងអាចក្លាយទៅជាតំបន់ទេសចរណ៍សាសនាមួយរបស់ខេត្តផងដែរ»។

ខេត្តកំពត កាលពីពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន បានដាក់ឱ្យដំណើការ រូបសំណាក សេះសមុទ្របាញ់ទឹក ធ្វើឱ្យ មានការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនិងថតរូប ជាបន្តបន្ទាប់ ជាយ៉ាងច្រើនកុះករនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានបញ្ចប់ទៅថ្មីៗនេះ ។ ទោះជាពិធីបូណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ហើយក្តី ក៏នៅតែមានប្រជាពពលរដ្ឋខ្មែរ និងភ្ញៀវទេសចរនៅតែមកថតរូបយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងខេត្តកំពតក្នុង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៤ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ មានចំនួន ១,៤ លាននាក់ ៕

អត្ថបទទាក់ទង