ក្រុមហ៊ុន Royal Railway ទិញក្បាលរថភ្លើងល្បឿនលឿនចំនួន១១ គ្រឿងពីប្រទេសជប៉ុន
ភ្នំពេញ៖ ក្រុមហ៊ុន Royal Railway Cambodia បានទិញក្បាលរថភ្លើង ល្បឿនលឿនចំនួន ១១ គ្រឿងពីប្រទេសជប៉ុន ដើម្បីផ្គត់ផ្គង់តម្រូវការនៃការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថាទូក្បាលរថភ្លើនេះ គឺជាការវិយោគផ្ទាល់របស់ក្រុមRoyal Railway Cambodia។
ឯកឧត្តមមានសុទិដ្ឋិនិយមចំពោះគម្រោងធ្វើឲ្យប្រសើរឡើង នៃវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាំងកម្រិតសុវត្ថិភាព ល្បឿន និងប្រសិទ្ធភាព នៃការដឹកជញ្ជូន ដែលមានតម្លៃថោក ដើម្បីប្រកួតប្រជែងលើវិស័យឡូជីស្ទីក។

ឯកឧត្តម បន្ថែមថា RRC ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ថ្មីៗនេះ ក្រុមហ៊ុនបានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន ហើយកំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា។
សូមជម្រាបថា រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន១១ គ្រឿងដែលក្រុមហ៊ុនRRC បានទិញពីប្រទេសជប៉ុនជាប្រភេទរថភ្លើងដែលអាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើងសម្រាប់អូសទាញទូររថភ្លើង។ សូម បញ្ជាក់ លក្ខខណ្ឌ នៃការប្រើប្រាស់ នឹងត្រូវធ្វើឡើងឲ្យស្របទៅនឹងបរិបថផ្លូវដែកនៅកម្ពុជា។
ក្បាលរថភ្លើងដែលកម្ពុជាទិញពីជប៉ុនជាក្បាលរថភ្លើងមួយទឹក ប្រភេទ Kiha 183 heavy snow ក្នុងល្បឿន 110km/h (max) បានដំណើរការសេវាកម្មពីឆ្នាំ ១៩៧៩ និងបញ្ចប់ នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៣៕

