គម្រោងវិនិយោគជាប់គាំងចំនួន ៦ ដែលមានទុន ៧៣ លានដុល្លារ នៅខេត្តព្រះសីហនុត្រូវបានផ្ដល់ការលើកទឹកចិត្តពិសេស
![គម្រោងវិនិយោគជាប់គាំងចំនួន ៦ ដែលមានទុន ៧៣ លានដុល្លារ នៅខេត្តព្រះសីហនុត្រូវបានផ្ដល់ការលើកទឹកចិត្តពិសេស](https://ennasia.com/wp-content/uploads/2024/04/1-46.jpg)
ព្រះសីហនុ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឯកភាពជាគោលការណ៍លើការផ្ដល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធីជូនគម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៦ ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ៧៣ លានដុល្លារអាមេរិក។
ការសម្រេចឯកភាពនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី របស់គម្រោងវិនិយោគចំនួន ៧ របស់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។
![](https://ennasia.com/wp-content/uploads/2024/04/photo_2024-04-11_11-06-00-4-1024x683.jpg)
គម្រោងទាំងនោះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍៖គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែដូង, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន, គម្រោងសណ្ឋាគារ និងកាស៊ីណូ, គម្រោងសួនកម្សាន្តលើទឹកសមុទ្រ, គម្រោងអគារស្នាក់នៅរួម, និងគម្រោងពេទ្យធ្មេញ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស។
បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងផុលផុស, អង្គប្រជុំបានបានឯកភាពជាគោលការណ៍លើការផ្ដល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធីជូនគម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៦ ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ៧៣ លានដុល្លារអាមេរិក។
សូមជម្រាបជូនថា ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងាបានសម្រេចជាគោលការណ៍ ក្នុងការផ្ដល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៧ ដែលជាគម្រោងអគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម) សណ្ឋាគារ និងមជ្ឈមណ្ឌលទេសចរណ៍៕
![](https://ennasia.com/wp-content/uploads/2024/04/photo_2024-04-11_11-06-00-3-1024x767.jpg)
![](https://ennasia.com/wp-content/uploads/2024/04/photo_2024-04-11_11-06-00-1024x683.jpg)
![](https://ennasia.com/wp-content/uploads/2024/04/photo_2024-04-11_11-06-46.jpg)
![](https://ennasia.com/wp-content/uploads/2024/04/photo_2024-04-11_11-06-46-2-1024x768.jpg)