Close

ក្រុមហ៊ុនចិនមួយបោះទុន ១០០លានដុល្លារ សាងសង់តំបន់សេដ្ឋកិច្ចថ្មីលើផ្ទៃដី ៧០៧ហិកតា នៅស្រុកស្រែអំបិល

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនចិនមួយបោះទុន ១០០លានដុល្លារ សាងសង់តំបន់សេដ្ឋកិច្ចថ្មីលើផ្ទៃដី ៧០៧ហិកតា នៅស្រុកស្រែអំបិល ក្រុមហ៊ុនចិនមួយបោះទុន ១០០លានដុល្លារ សាងសង់តំបន់សេដ្ឋកិច្ចថ្មីលើផ្ទៃដី ៧០៧ហិកតា នៅស្រុកស្រែអំបិល

កោះកុង៖ ខេត្តកោះកុងបានស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយលើផ្ទៃដីទំហំ ៧០៧ហិកតា ក្នុងទុនវិនិយោគ ១០០ លានដុល្លារអាមេរិក របស់ក្រុមហ៊ុន ចេជាង ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តស្រុកស្រែអំបិល ខណៈមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារនៃគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តកោះកុង ចុះពិនិត្យទីតាំងជាក់ស្តែង។

លោក អ៊ុក ភក្ត្រា អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំក្រុមការងារខេត្ត ចូលរួមអមដំណើរឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រុមការងារនៃគណៈកម្មការអន្តរក្រសួង ចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ បានបញ្ជាក់ថាតាមរយៈការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ចេជាង ក្នុងនាមរដ្ឋបាលខេត្ត បានសំណូមពរឱ្យ ក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដេីម្បីដោះស្រាយបញ្ហានានាដែលកើតឡើងជាយថាហេតុ។

មួយវិញទៀត លោក អ៊ុក ភក្ត្រា ស្នើឱ្យក្រុមហ៊ុនបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង រៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា និង ចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១១ ខែកញ្ញា ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នាតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី។

នាឱកាសនោះឯកឧត្តមបានថ្លែងប្រាប់អ្នកសារព័ត៌មានថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នឹងបើកសាខាទី២ របស់ខ្លួន នៅខេត្តកោះកុង ដែលជាតំបន់សេដ្ឋកិច្ចពិសេស១ ក្នុងចំណោមសេដ្ឋកិច្ច២ ថ្មី ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំបង្កើតនៅខេត្តកោះកុង។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ខាងក្រុមហ៊ុនបញ្ជាក់ថា ដោយសារតែសេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុនោះ និងមានរោងចក្រសហគ្រាសកំពុងដំណើរការពេញហើយ ដូចនេះខាងក្រុមហ៊ុនត្រូវការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស១ទៀត ដើម្បីទាក់ទាញអ្នកវិនិយោគមកថ្មីៗទៀត។

ឯកឧត្តម ថា៖«ខាងក្រុមហ៊ុនមានគម្រោងនឹងបើកតំបន់សេដ្ឋកិច្ចពិសេសទី២របស់ខ្លួន នៅលើផ្ទៃដី១ ០០០ហិកតា នៅខេត្តកោះកុង នេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ទើបគេហ៊ានបោះទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបនេះ»។

ឯកឧត្តម ថ្លែងថា ក្រោយពីមានតំបន់សេដ្ឋកិច្ចពិសេសហើយ តួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺជាអ្នកសម្របសម្រួល ត្រូវធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគឱ្យមកបង្កើតក្រុមហ៊ុនរោងចក្រសហគ្រាសនៅទីនេះឱ្យច្រើន ក៏ដូចជាការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀត។
ជាមួយគ្នានោះដែរ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា ថ្លែងថា វាជារឿងចាំបាច់ ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យបានច្រើន ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែន ថៃ វៀតណាម ជាដើមដើម្បីវិនិយោគិនងាយស្រួលផលិតសម្រាប់ការនាំចេញ។

លោក ថ្លែងថា៖«និយាយជារួម មានតំបន់សេដ្ឋកិច្ចកាន់តែច្រើនកាន់តែល្អ ជាពិសេសនៅតាមតំបន់ព្រំដែនរបស់យើង ដោយសារផលិតផលកសិកម្មយើងភាគច្រើននាំចេញទៅតាមប្រទេសទាំងនេះ ដូចនេះការមានតំបន់សេដ្ឋកិច្ច ដែលប្រមូលផ្តុំដោយរោងចក្រសហគ្រាសកែច្នៃ យើងចំណេញច្រើនលើការដឹកជញ្ជូន ថែមទាំងបង្កើតការងារជូនពលរដ្ឋយើងនៅតាមតំបន់ព្រំដែនផងដែរ»។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា អ្វីដែលបញ្ហារបស់អ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី គឺបញ្ហាតម្លៃឡូជីស្ទិករបស់កម្ពុជា គឺខ្ពស់ជាងប្រទេសជិតខាង។

ឯកឧត្តម ថ្លែងថា រាជដ្ឋាភិបាលបានរៀបចំផែនការមេស្តីពីវិស័យឡូជីស្ទិកនេះរួចរាល់ហើយ ដោយក្នុងគម្រោងនឹងមានការជំរុញឱ្យតម្លៃឡូជីស្ទិកនេះមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ ម្យ៉ាងវិញទៀត ឯកឧត្តម ក៏ស្នើដល់វិនិយោគិនបរទេសទាំងអស់ សូមស្វែងរកដៃគូវិនិយោគនៅកម្ពុជាឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវស្វែងរកការពិភាក្សា និងប្រឹក្សាយោបល់ពី CDCឱ្យច្បាស់លាស់ ចៀសវាងការជ្រើសរើសដៃគូវិនិយោគខុស នាំឱ្យមានការខាតបង់៕

អត្ថបទទាក់ទង