Close

ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាឈរលំដាប់ទី១ ក្នុងតំបន់អាស៊ាន និងទី៣ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាឈរលំដាប់ទី១ ក្នុងតំបន់អាស៊ាន និងទី៣ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាឈរលំដាប់ទី១ ក្នុងតំបន់អាស៊ាន និងទី៣ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា កម្ពុជាឈរលំដាប់ទី១ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤។ នេះគឺជាចំណាត់ថ្នាក់ស្តីពីកំណើនសេដ្ឋកិច្ចដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយយោងលើមូលដ្ឋាននៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ទៀតថា លទ្ធផលបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាផ្លែផ្កានៃការដាក់ចេញគោលនយោបាយ ការដឹកនាំនិងចាត់ចែងបានល្អរបស់រាជរដ្ឋាភិបាលដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន។ គេនៅចាំបានថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាធ្លាប់មានកំណើនសេដ្ឋកិច្ចខ្ពស់និងថេរក្នុងរង្វង់៧% រយៈពេលរាប់ទសវត្សរ៍។ នេះគឺជាកាលានុវត្តភាពដែលជំរុញឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងលឿនរហ័ស បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញដោយនយោបាយឈ្នះឈ្នះនាឆ្នាំ១៩៩៨។

បើតាម ឯកឧត្តម ប៉ែន បូណា កូវីដ-១៩ បានចូលមកបង្អាក់និងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលយ៉ាងគំហុកដែលគ្មាននរណានឹកស្មានដល់។ កម្ពុជាក៏មិនអាចចៀសផុតពីផលប៉ះពាល់នៃវិបត្តិសុខភាពសាធារណៈដ៏មហន្តរាយនេះដែរ។ ប៉ុន្តែ ក្រោមការចាត់ចែងនិងដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខដឹកនាំដែលពោរពេញដោយបទពិសោធន៍ រាជរដ្ឋាភិបាលបានកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបជាងទំហំនៃមហន្តរាយពិត និងបានអូសទាញប្រទេសនិងប្រជាពលរដ្ឋឱ្យចាកចេញពីកូវីដ-១៩ជាបណ្តើរៗបានយ៉ាងឆាប់រហ័សជាងបណ្តាប្រទេសនានាជាច្រើននៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។

ឯកឧត្តម សង្កត់ទៀតថា«ទោះបីជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅតែមានឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោកក្តី ក៏រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយថាមពលក្លៀវក្លានិងចក្ខុវិស័យយ៉ាងច្បាស់លាស់។ ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់កម្ពុជាបានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ប្រកបដោយមហិច្ឆតាឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់»។

បើតាមឯកឧត្តម ប៉ែន បូណា ដើម្បីសម្រេចគោលដៅនេះ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចត្រូវបានប្រកាសឱ្យអនុវត្តជាបន្ទាន់ ដោយគ្រប់ចំណុចទាំងអស់សុទ្ធតែជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។ ទន្ទឹមនឹងនោះ «ការទូតសេដ្ឋកិច្ច»ក៏ជានយោបាយការបរទេសដ៏សំខាន់មួយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដោយផ្តោតទៅលើការទាក់ទាញវិនិយោគនិងទេសចរណ៍។ នយោបាយសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេសត្រូវបានអនុវត្តយ៉ាងសកម្ម។
ឯកឧត្តម សង្កត់ទៀតថា៖«សរុបទៅ កម្ពុជាគឺជាប្រទេសតូចមែនតែពិតជាអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ។ ងើបពីកូវីដ-១៩ ភ្លាម កម្ពុជាមានកំណើនសេដ្ឋកិច្ចស្ទុះងើបឡើងយ៉ាងលឿនលើសគេក្នុងអាស៊ាន។ លទ្ធផលដ៏ល្អបែបនេះមិនអាចសម្រេចបានឡើយប្រសិនបើគ្មានថ្នាក់ដឹកនាំខ្លាំងពូកែនិងប្រសិនបើគ្មានគោលនយោបាយត្រឹមត្រូវប្រកបដោយចក្ខុវិស័យច្បាស់លាស់ទេនោះ»។

ជុំវិញបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កម្ពុជាឈរលំដាប់ទី១ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤នេះ ផ្អែកទៅលើកំណើនតាមវិស័យផេ្សងៗគ្នា ។ជាក់ស្តែង វិស័យនាំចេញ មានការកើនឡើង។ ទោះជាយ៉ាងណាសម្រាប់ វិស័យលក់រាយ និង សេវាកម្មនៅមានកម្រិត ដែលអាចនឹងកើននៅចុងឆ្នាំ២០២៤ ឬ ដើមឆ្នាំ២០២៥។
លោកបណ្ឌិត ពន្យល់ទៀតថា បច្ចុប្បន្នពលរដ្ឋជួបវិបត្តិចំណែកភាគសម្រាប់ចាយវាយ ដោយបង់សងធនាគារ និង បង្កើនការសន្សំ ដែលធ្វើឱ្យការចាយវាយប្រចាំថ្ងៃមានការថមថយ៕

អត្ថបទទាក់ទង