Close

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន»ក្នុងគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុចស្នូល។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាននេះ ធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ក៏នឹងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន។

នាឱកាសចូលរួមបើកកិច្ចប្រជុំខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលយើងត្រូវ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមាន នៅក្នុងតំបន់របស់យើង។

សម្តេចធិបបីបន្ថែមថា មូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀបវារៈចំកាលៈទេសៈ និងមានមហិច្ឆតា។ ជាមួយគ្នានេះ សម្តេចធិបតី បានមានប្រសាសន៍ដោយបានកត់សម្គាល់ឃើញថា សុន្ទរកថាគន្លឹះនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល នឹងពិភាក្សាស៊ីជម្រៅ អំពីបញ្ហាសំខាន់ៗ ដែលមានការពាក់ព័ន្ធ ខ្ពស់នឹងតំបន់របស់យើង ប្រធានបទដែលត្រូវបានជ្រើសរើស ឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីគោលការណ៍ណែនាំរបស់អាស៊ាន, ការអភិវឌ្ឍថ្មីៗ និង ទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា ។

សម្តេចធិបតី បន្ថែមទៀតថា៖« ការជួបជុំរបស់យើងនៅថ្ងៃនេះ មានសក្ដានុពល ក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកលរបស់យើង កិច្ចសហការបែបនេះ អាច បង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាង មុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។ អាស៊ាន បានពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាកម្លាំងសេដ្ឋកិច្ចមួយក្នុងសកលលោក ដែលមានកំណើនរឹងមាំ, កម្លាំងពលកម្មពេញដោយជវភាព និងកិច្ច ខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មជាលំដាប់»។

ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទីប្រាំនៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល ។

យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤ ដែលការណ៍នេះ គូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។

សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ ក្នុងការក្លាយទៅជាស្នូល នៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេង ទៀតជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកប ដោយជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា ៕

អត្ថបទទាក់ទង