Close

ខេត្តក្រចេះសម្រេចបាន ៤៣.០២% នៃផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២១-២០២៥

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តក្រចេះសម្រេចបាន ៤៣.០២% នៃផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២១-២០២៥ ខេត្តក្រចេះសម្រេចបាន ៤៣.០២% នៃផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២១-២០២៥

ក្រចេះ៖ តាមរយៈការចុះវាយតម្លៃពាក់កណ្តាលអាណត្តិផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ដឹកនាំដោយលោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានវាយតម្លៃសកម្មភាព៨៦ ដែលក្នុងនោះអនុវត្តបាន៣៧ គម្រោង ស្មើនឹង៤៣.០២%។ រីឯការងារពាក់ព័ន្ធទៅនឹងការទទួលខុសត្រូវរបស់មន្ទីរទេសចរណ៍សម្រេចបានចំនួន៤៤.៤៤%។

ក្រសួងទេសចរណ៍ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ បញ្ជាក់ថា ក្រុមការងារ ដែលចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធចំនួន១៦ អង្គភាពបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងចំនួន១១កន្លែងរួមមាន៖ ១. ផ្ទះសសរ១០០ វិហាររបុរាណរកាកណ្តាល និងបរិវេណជុំវិញ ២. តំបន់ទេសចរណ៍អន្លង់ផ្សោត ៣. តំបន់ទេសចរណ៍កាំពីលេងទឹក ជួបអាជីវករនៅទីតាំងជាក់ស្តែង ៤.ពិនិត្យចំណតរថយន្ត និងកន្លែងលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី  ៥.មើលសហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ ៦.ចុះមើលមណ្ឌលព័ត៌មានទេសចរណ៍ ៧.ពិនិត្យមើលបរិស្ថានក្នុងក្រុងក្រចេះដែលមានបំពាក់ដោយធុងសម្រាមគ្រប់ទីតាំង ៨.ចុះពិនិត្យសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្សាន្ត ៩.ចុះពិនិត្យសំណង់អាគារចាស់សល់ពីសម័យបារាំង ១០.ចុះពិនិត្យការងារថែទាំបន្ទប់ទឹកសាធារណៈ និងនៅតាមសួនច្បារមាត់ទន្លេ ១១.ចុះពិនិត្យតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តវត្តសរសរ១០០ និងបរិវេណជុំវិញ និងឆ្នេរខ្សាច់សរសរ១០០ ជារួមយកទីតាំងក្រុង១ និងស្រុក៤ ជាមូលដ្ឋាន នៃការពិនិត្យសមិទ្ធកម្មជាក់ស្តែង។

ក្រុមការងារបានឆ្លុះបញ្ជាំងលទ្ធផលរួមនៃការវាយតម្លៃ តាមរយៈកិច្ចប្រជុំគណ:កម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្តក្រចេះ ដោយបានវាយតម្លៃពិនិត្យលើលទ្ធផលដែលបានចូលរួមសម្រេចគោលនយោបាយ និងការវាយតម្លៃធាតុចេញ (outputs) នីមួយៗតាមគម្រោងដែលបានលើកឡើងដោយរដ្ឋបាលខេត្ត។

ជាមួយគ្នានោះឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានស្នើសុំមន្ទីរជំនាញពាក់ព័ន្ធចូលរួមសហការក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នខេត្តក្រចេះ, បណ្តុះបណ្តាលជំនាញកសាងផែនការដល់សមាជិក សមាជិការគណកម្មាធិការអ.ភិ.ទ.ច ខេត្ត និងភាគីពាក់ព័ន្ធ , បន្តគៀងគដៃគូវិនិយោគជួយអភិវឌ្ឍរមណីយដ្ឋានមានលក្ខណៈស្តង់ដា និងសេវាកម្មផ្សេងទៀត ៤.ជម្រុញបន្តការអនុវត្តផែនការសកម្មភាពសម្រាប់អាណត្តិបន្ទាប់។

ជាការឆ្លើយតបផងដែរនោះ លោកប្រធានប្រតិភូបានពាំនាំរាលសំណូមពរទាំងអស់របស់ខេត្ត ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ សម្រេច និងសង្ឃឹមយ៉ាងមុតមាំថាគណៈកម្មាការអភិវឌ្ឍទេសចរណ៍ខេត្តក្រចេះនឹងខិតខំអនុវត្តន៍ផែនការនេះប្រកបដោយជោគជ័យនាពេលអនាគត៕

អត្ថបទទាក់ទង