Close

កម្ពុជា-ថៃជំរុញវិស័យទេសចរណ៍ឱ្យកើនឡើងទ្វេរដង ដើម្បីជាផលប្រយោជន៍រួម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជា-ថៃជំរុញវិស័យទេសចរណ៍ឱ្យកើនឡើងទ្វេរដង ដើម្បីជាផលប្រយោជន៍រួម កម្ពុជា-ថៃជំរុញវិស័យទេសចរណ៍ឱ្យកើនឡើងទ្វេរដង ដើម្បីជាផលប្រយោជន៍រួម

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ និងគណៈប្រតិភូ បានឯកភាពជំរុញជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកើនឡើងទ្វេរដង ដើម្បីជាផលប្រយោជន៍រួម។

ការជំរុញនេះ នៅពេលដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។

នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្តមប្រធានរដ្ឋសភា បន្ថែមថា ប្រទេសទាំងពីរ គួរបង្កឱ្យមានលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ធ្វើយ៉ាងណាឱ្យសន្ទុះនៃវិស័យទេសចរណ៍កើនឡើងទ្វេរដង ដើម្បីជាផលប្រយោជន៍រួម។

ជាការឆ្លើយតប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ បានមានប្រសាសន៍ជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចំរុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន ឱ្យមានភាពល្អប្រសើរឡើងវិញ។ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ច មានការឬីកចម្រើន។

លោកជំទាវ មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើនផងដែរ។ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងថា ត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។

លោកជំទាវ ក៏បានថ្លែងគាំទ្រប្រសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលលើកឡើងអំពី ការលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ៕

អត្ថបទទាក់ទង