Close

ក្រុមហ៊ុនមួយចង់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនមួយចង់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន ក្រុមហ៊ុនមួយចង់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន

សៀមរាប៖ ក្រុមហ៊ុន ប៊ូខេនឯ.ក (BOUKEN Co., Ltd) បានបង្ហាញពី ម្រោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន ដើម្បីចូលរួមចំណែកវិស័យទេសចរណ៍ខេត្តសៀមរាប និងការពារបរិស្ថាន ។

ការបង្ហាញនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងពេល ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ប៊ូខេន ឯ.ក ដឹកនាំដោយ លោក Tamasaburo Bando ម្ចាស់ និងជាប្រធានក្រុមហ៊ុន ប៊ូខេន ឯ.ក។

ក្នុងជំនួបនេះ លោក Tamasaburo Bando ក៏បានលើកឡើង អំពីគម្រោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន ដែលជាគម្រោងទទួលបានការគាំទ្រពីក្រសួងបិរស្ថាន ដើម្បីចូលរួមចំណែកជម្រុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់ល្អប្រសើរ និងរីកចម្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបផងដែរ។

ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានថ្លែងបានស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន នាពេលខាងមុខនេះ ដើម្បីរួមគ្នាជម្រុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាការថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់ល្អប្រសើរ ជាពិសេសរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ការងារជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

ភ្នំគូលេន ឬមានឈ្មោះជាផ្លូវការ “ឧទ្យានជាតិព្រះជ័យវ័រ្មន_នរោត្តម ភ្នំគូលេន” ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាខេត្តសៀមរាប កម្រនឹងរំលងរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្រ្តមួយនេះណាស់។

លើសពីនេះទៅទៀតភ្នំគូលេនមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាទីតាំងសក្ការៈមួយ ដែលមានភាពល្បីល្បាញផ្នែកវប្បធម៌ប្រវត្តិសាស្រ្ត និងជារាជធានីដំបូងគេនៃអាណាចក្រអង្គរ ដែលតំណាងឲ្យសុខសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរបានចាកផុតពីការគ្រប់គ្រងរបស់ពួកជ្វា។

នៅលើភ្នំគូលេនមានប្រាសាទបុរាណជាច្រើនបានលាក់ខ្លួននៅក្នុងព្រៃ និងភ្ញៀវទេសចរទាំងអស់ក៏អាចមុជទឹកលេងកម្សាន្ត ជាមួយនឹងទឹកធ្លាក់ដែលត្រជាក់ដូចទឹកអម្រឹត និងនៅលើកំពូលភ្នំមានវត្តតូចមួយដែលមានដំកល់បដិមាព្រះពុទ្ធរូបមួយអង្គ ទំរេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។

ភ្នំនេះ មានទីតាំងស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី៕

អត្ថបទទាក់ទង