ក្រសួង ២ បើកកិច្ចប្រជុំពិភាក្សាបន្ទាន់ដើម្បីរកដំណោះស្រាយទីផ្សារនៃដំណាំស្វាយចន្ទី
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ជួបប្រជុំគ្នាជាបន្ទាន់ក្នុងស្មារតីបុរេសកម្ម ដើម្បីពិភាក្សាលើស្ថានភាពទីផ្សារនៃដំណាំស្វាយចន្ទី និងត្រៀមវិធានការដោះស្រាយទុកជាមុន ក្នុងករណីចាំបាច់ណាមួយ។
លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ បញ្ជាក់ថា កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើការវិភាគកត្តាផ្សេងៗ ដែលអាចជះឥទ្ធិពលលើថ្លៃស្វាយចន្ទី ដូចជាការប្រែប្រួលអាកាសធាតុ ថ្លៃធាតុចូលកសិកម្ម តម្រូវការនាំចេញ របាំងពន្ធគយ ផលិតកម្មនិងពាណិជ្ជកម្មស្វាយចន្ទីពិភពលោក សេដ្ឋកិច្ចពិភពលោក និងសមត្ថភាពនៃការកែច្នៃក្នុងស្រុកជាដើម។
បើតាម លោក ឃឹម ហ្វីណង់ ក្រុមការងារចម្រុះក៏បានពិភាក្សាអំពីគោលនយោបាយជាតិស្វាយចន្ទី និងការវិភាគលើប្រភពហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រការប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីជួយរក្សាលំនឹងថ្លៃផងដែរ។ ក្រុមការងារក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បពិនិត្យពិភាក្សា ពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយលើបញ្ហា។
នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤ ក្រុមការងារចម្រុះបានពិភាក្សាដោយផ្តោតទៅលើការវិភាគកត្តាផ្សេងៗ ដែលជះឥទ្ធិពលលើតម្លៃស្វាយចន្ទី មានដូចជាកតា្តអាកាសធាតុ ធាតុចូលកសិកម្ម តម្រូវការនាំចេញ របាំងពន្ធគយ ផលិតកម្មនិងពាណិជ្ជកម្ម ស្វាយចន្ទីពិភពលោក សេដ្ឋកិច្ចពិភពលោក និងសមត្ថភាពនៃការកែច្នៃក្នុងស្រុកជាដើម។
សូមបញ្ជាក់ថា តាមការវិភាគនៅក្នុងឆ្នាំ២០២៤នេះ ស្វាយចន្ទីកម្ពុជាមានគុណភាព និងបរិមាណផលទាបជាងឆ្នាំ២០២៣ ដោយសារតែស្ថានភាពអែលនីណូ (El Nino) ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីសើម។ ក្រុមការងារចម្រុះក៏បានពិភាក្សាអំពីគោលនយោបាយជាតិស្វាយចន្ទី និងការវិភាគលើប្រភពហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងដំណាក់កាលនេះ ដើម្បីជួយរក្សាលំនឹងថ្លៃផង ក៏ដូចជាដើម្បីបន្តរក្សាខ្សែ ច្រវាក់ផលិតកម្ម កែច្នៃក្នុងស្រុកផង។
ក្រុមការងារចម្រុះបានសម្រេចបន្តតាមដាន នឹងធ្វើការជាមួយអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងធាតុចូលនានា មុននឹងសម្រេចវិធានការណ៍ជាក់លាក់ ដើម្បីអន្តរាគមន៍ការលើកស្ទួយផលិតកម្មទីផ្សារ និងរក្សាស្ថិរភាពថ្លៃស្វាយចន្ទី៕