អឺរ៉ុបប្រាប់កម្ពុជាឱ្យជ្រើសរើសវិស័យវិនិយោគអាទិភាពបង្ហាញជូនវិនិយោគិនអឺរ៉ុប
ភ្នំពេញ៖ លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) សហភាពអ៊ឺរ៉ុប បានប្រាប់កម្ពុជារៀបចំបំពេញទស្សនកិច្ចទាក់ទាញវិនិយោគិននៅសហភាពអឺរ៉ុប ដោយលើកទឹកចិត្តកម្ពុជាឱ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗដើម្បីបង្ហាញជូនវិនិយោគិននៅទីនោះ ។
លោក Peteris Ustubs បានប្រាប់កម្ពុជា បែបនេះ ក្នុងពេលលោកដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
នាឱកាសនោះ លោក Peteris Ustubs បានឆ្លៀតឱកាសនេះដើម្បីអបអរសាទរដល់លទ្ធផលដ៏ល្អប្រសើរលើការអភិវឌ្ឍជាតិដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ ជាមួយគ្នានោះ លោក Peteris Ustubs បានលើកឡើងផងដែរអំពីទស្សនកិច្ចទាក់ទាញវិនិយោគិនដែលកម្ពុជាអាចរៀបចំបានក្នុងសហភាពអ៊ឺរ៉ុប ដែលមាន ២៧ប្រទេស ដោយក្នុងនោះលោកបានលើកទឹកចិត្តកម្ពុជាឱ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗដើម្បីបង្ហាញជូនវិនិយោគិន។
ជាមួយគ្នានោះ លោក Peteris Ustubs ក៏បានបន្តជម្រាបជូនពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុបដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណជូនចំពោះសហភាពអឺរ៉ុបដែលបានគាំទ្រលើការផ្ដល់ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីនានា ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាមិញ ដោយសង្កេតឃើញថាស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ បានពី៦២គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសហភាពអឺរ៉ុបអំពីជំហររបស់កម្ពុជា ដែលបើកចំហរស្វាគមន៍រាល់គ្រប់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនផងដែរ។
ឯកឧត្តម បន្ថែមថា កម្ពុជាបានទទួលវិនិយោគិនរួចរាល់ពីប្រទេសនានារួមមានសហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះកម្ពុជាចង់ឱ្យវិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនតំណាងសហភាពអឺរ៉ុប អំពីផែនការអភិវឌ្ឍន៍ជាតិនានារបស់រដ្ឋាភិបាលដើម្បីគាំទ្រដល់វិស័យឯកជនរួមមានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ និងពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មានចំនួន ១៧៤គម្រោង ដែលក្រុមហ៊ុនឯកជនពីសហភាពអឺរ៉ុបអាចពិនិត្យលទ្ធភាពក្នុងការវិនិយោគបានផងដែរ។
បន្ថែមពីនេះទៀត ស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញផ្លាស់ប្ដូរកម្ពុជាពីការប្រើកម្លាំងពលកម្ម ទៅជាការប្រើប្រាស់ជំនាញកម្រិតមធ្យម និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ព្រមទាំងការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស កម្ពុជាក៏បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនចំនួនពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ១,៥លាននាក់ ដើម្បីបង្កើនកម្រិតសមត្ថភាពផងដែរ៕