តំបន់អន្លង់ព្រីងនៅខេត្តកំពតផ្តល់នូវទស្សនីភាពសត្វស្លាបជូនភ្ញៀវទេសចរដ៏ទាក់ទាញ
កំពត៖ តំបន់អន្លង់ព្រីងមានភូមិសាស្ត្រស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត មានផ្ទៃដីទំហំ ២១៧ហិកតា និងត្រូវបានកំណត់ជាតំបន់ការពារធម្មជាតិ នៅឆ្នាំ២០១៦ បានផ្តល់នូវទស្សនីភាពសត្វស្លាបជូនភ្ញៀវទេសចរដ៏ទាក់ទាញ តែភ្ញៀវទេសចរភាគច្រើន ហាក់មើលរំលង ។
តំបន់ការពារទេសភាពនេះ ជាតំបន់ដីសើមដែលមានគុណតម្លៃខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ី និងមានជីវចម្រុះជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល ដែលជាប្រភេទកំពុងទទួលរងការគំរាមកំហែង និង ជាសត្វស្លាបដែលមានកំពស់ខ្ពស់ជាងគេនៅលើពិភពលោកហើយអាចហើរបាន។
ជារៀងរាល់ឆ្នាំក្រៀលមាន វត្តមានចាប់ពីខែធ្នូ ដល់ខែឧសភា ដែលអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តហើយ ប្រជាសហគមន៍ក្នុងមូលដ្ឋាន អាចរកចំណូលពីឧស្សាហកម្មគ្មានផ្សែងនេះផងដែរ។
តំបន់នេះត្រូវបាន ទទួលស្គាល់ថា ជាបណ្តាញហោះហើររបស់សត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលីជាផ្លូវការនៅ ឆ្នាំ២០១៩ ដោយលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ដោយតំបន់នេះបានផ្តល់ជាទីជម្រក ទីចំណតរយៈពេលខ្លី និងប្រភពចំណីដ៏សំខាន់ សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេស សត្វក្រៀល ខ្វែកសមុទ្រកន្ទុយខ្មៅ ទាព្រៃក្បាលឆ្នូតស ជើងទៀនជាដើម។
ឯកឧតុ្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា កាលពីខែ មិថុនា ឆ្នាំ២០២៣ ឯកឧត្តមមានឱកាសបានទៅដល់តំបន់អន្លង់ព្រីង និងត្រូវបានទទួលស្វាគមន៍ដោយប្រធានមន្ទីរបរិស្ថាន ខេត្តកំពត លោក អេង ប៉ូឡូ និងប្រធានសហគមន៍ បង រិន ម៉ម។
ឯកឧត្តម សាម អ៊ីន បន្ថែមថា នៅទីនោះ លោកអ្នកអាចទៅទស្សនាសហគមន៍ទេសចរណ៍ ដោយមើលសត្វក្រៀល និងបក្សាបក្សីជាច្រើនទៀត ជិះកង់មើលទេសភាពភូមិដ៏ស្រស់ស្អាត ហើយអាចស្នាក់នៅផ្ទះសំណាក់សហគមន៍ ដែលមានអនាម័យល្អ និងម្ហូបឈ្ងុយឆ្ងាញ់បែបខ្មែរ។ ពេលវេលាល្អសម្រាប់មើលសត្វក្រៀល គឺពីខែធ្នូ ដល់ខែឧសភា៕