Close

ធនាគារជាតិនៃកម្ពុជា និង ម៉ាឡេស៊ី ចុះ MOU លើកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា និង ម៉ាឡេស៊ី ចុះ MOU លើកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា និង ម៉ាឡេស៊ី ចុះ MOU លើកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់

ម៉ាឡេស៊ី៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពបន្ថែមទៀត ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សន កិច្ចផ្លូវការរបស់សម្តេចនៅប្រទេសម៉ាឡេស៊ី។

កិច្ចសហប្រតិបត្តិការនេះ មានវិសាលភាពគ្របដណ្តប់ លើទម្រង់ជាច្រើនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់នៃប្រទេសទាំងពីរ រាប់បញ្ចូលទាំងការតភ្ជាប់ការទូទាត់ក្នុងស្រុក រវាងប្រទេសទាំងពីរ ដើម្បីបើកលទ្ធភាពដល់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR code)។ ការណ៍នេះ នឹងផ្តល់នូវ ភាពងាយស្រួលដល់ប្រជាពលរដ្ឋម៉ាឡេស៊ីអាចធ្វើការទូទាត់ដោយស្តេនឃ្យូអរកូតនៅក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្តេនយ្យអរកួតនៅក្នុងប្រទេសម៉ាឡេស៊ីទៅវិញទៅមក ផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការកិច្ចសហការ ត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាព។

អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរដែលទទួលយកការទូទាត់តាមឃ្យូអរកូត ប្រមាណ ៥ លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្ម ខ្នាតតូចផងដែរ នឹងទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះ។ អនុស្សរណៈយោគយល់នេះ ជាជំហានថ្មីមួយក្នុងគំនិតផ្តួចផ្តើមតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់អាស៊ាន ដែលស្របទៅនឹងទិសដៅជា យុទ្ធសាស្ត្ររបស់ប្រទេស G20 ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែន។

ឯកឧត្ដម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានមាន ប្រសាសន៍ថា “អនុស្សរណៈយោគយល់នេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលទាំងពីរ ក្នុងការលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុជាតិ។

ឯកឧត្តមបន្តថា កិច្ចសហការនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងធនាគារកណ្តាល ម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជា ក្នុងបុព្វហេតុផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធុរជននៃប្រទេស ទាំងពីរ។ ការណ៍នេះ នឹងជាកម្លាំងចលករមួយក្នុងការជំរុញនវានុវត្តន៍ និងសមាហរណកម្មហិរញ្ញវត្ថុ ដែលនឹង គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “ពិធីដ៏សំខាន់ នាថ្ងៃនេះ គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ ធនាគារកណ្តាលទាំងពីរ។ តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាល ម៉ាឡេស៊ី នឹងសហការគ្នាដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធទូទាត់ឆ្លងដែន សំដៅជំរុញ សកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ស្របតាមគោលដៅរបស់អាស៊ាន”៕

អត្ថបទទាក់ទង