មន្ត្រីរដ្ឋសភា និងរដ្ឋាភិបាលឯកភាពគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនឹងបញ្ជួនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ភ្នំពេញ៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងតំណាងរាជរដ្ឋាភិបាល បានឯកភាពគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក នឹងបញ្ជួនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់បញ្ចូលក្នុងកិច្ចប្រជុំរដ្ឋសភានាពេលខាងមុខនេះ។
ការឯកភាពនេះ ធ្វើឡើង នៅក្នុងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំរវាង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា មានប្រសាសន៍ស្វាគមន៍ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំនាព្រឹកនេះថា បន្ទាប់ពីបានទទួលសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក គណៈកម្មការទី៩នៃរដ្ឋសភា បានប្រជុំពិភាក្សានិងលើកជាសំនួរមួយចំនួនដែលតម្រូវឱ្យឯកឧត្តមរដ្ឋមន្ត្រីមកធ្វើការពន្យល់បកស្រាយបន្ថែម និងពន្យល់អំពីគោលបំណង និងអត្តប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះ។
ឯកឧត្តម ប៉េង ពោធិ៍នា បានជម្រាបជូនកិច្ចប្រជុំថា ដោយមើលឃើញនូវតម្រូវការចាំបាច់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងវិស័យដឹកជញ្ជូនតាមផ្លូវទឹក រាជរដ្ឋាភិបាលបានប្រគល់ការកិច្ចឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល សិក្សា ពិនិត្យ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះឡើង។
ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណង ធានាការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាងនិងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគនិងការប្រកួតប្រជែងប្រកបដោយ យុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិនិត្យពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់ យ៉ាងល្អិតល្អន់និងស៊ីជម្រៅដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗ ដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ហើយជាចុងក្រោយត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបញ្ជូនមកសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមមាន១៨ជំពូក និង២៧៥មាត្រា។
ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានជំនឿថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនឹងចូលជាធរមាន ហើយ ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវអត្ថប្រយោជន៍ ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។ ផ្តល់ឱកាសការងារជូនពលរដ្ឋជានាវិក ដើម្បីបម្រើការងារនៅលើនាវាដែលធ្វើនាវាចរណ៍នៅក្នុងនិង ក្រៅប្រទេស។ ជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ការបង្កើតក្រុមហ៊ុននាវាចរណ៍ សេវាកម្ម នាវាចរណ៍ យានដ្ឋាននាវា សម្រាប់ផលិតជួសជុលនាវា ការសាងសង់និងធ្វើប្រតិបត្តិការឋបនីយភណ្ឌផែ ការបង្កើតនឹងធ្វើប្រតិបត្តិការគ្រឹះស្ថានបណ្តុះបណ្តាលនាវិក។ ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើកនិងសម្រាលបន្ទុកនៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋក្នុងការជួសជុលនិងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ជំរុញឱ្យមានការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ស្របតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាល និងការចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក។
តាមរយៈការពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ និងសេចក្តីរាយការណ៍បំភ្លឺជូនអង្គប្រជុំរបស់ឯកឧត្តម ប៉េង ពោធិ៍នា និងសហការី រួចមក លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា វិស័យដឹកជញ្ជូនតាមផ្លូវទឹក ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតឱកាសដល់អ្នកវិនិយោគជាតិនិងអន្តរជាតិ បង្កើនការងារជូនដល់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ ទន្លេ បឹង ស្ទឹង ព្រែក នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ និន សាផុន បានបន្តថា ច្បាប់នេះរៀបចំឡើងស្របតាមអាទិភាពគន្លឹះនៃបញ្ចកោណទី២-ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួត ប្រជែង និងបញ្ចកោណទី៤-ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដើម្បីឈានទៅសម្រេចបានសន្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០ ដូចមានកំណត់នៅក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានឯកភាពគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។ គណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះជូនកិច្ចប្រជុំរដ្ឋសភានាពេលខាងមុខនេះ៕