Close

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន STS RoboTech ស្នើឱ្យកម្ពុជាបង្កើតសមាគមលើកកម្ពស់ឧស្សាហកម្មរ៉ូបូត

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន STS RoboTech ស្នើឱ្យកម្ពុជាបង្កើតសមាគមលើកកម្ពស់ឧស្សាហកម្មរ៉ូបូត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន STS RoboTech ស្នើឱ្យកម្ពុជាបង្កើតសមាគមលើកកម្ពស់ឧស្សាហកម្មរ៉ូបូត

ភ្នំពេញ៖ លោក Kim Kihwan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន STS RoboTech បានបង្ហាញសុទិដ្ឋិនិយមចំពោះយុវជនកម្ពុជាដែលមានចំណូលចិត្តក្នុងវិស័យរ៉ូបូត ខណៈការប្រើប្រាស់រ៉ូបូតនឹងផ្តោតលើការបំពេញបន្ថែមកម្លាំងពលកម្មរបស់មនុស្ស ជាជាងការដណ្តើមការងារពីមនុស្ស និងបានស្នើឱ្យបង្កើតសមាគមលើកកម្ពស់ឧស្សាហកម្មរ៉ូបូត ដើម្បីបង្កើនការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយសមភាគីកូរ៉េ។

លោក Kim Kihwan បានបង្ហាញសុទិដ្ឋិនយមបែបនេះ ក្នុងពេលលោក បានដឹកនាំគណៈប្រតិភូមកពីក្រុមហ៊ុន STS Robotech, វិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត, និងក្រុមហ៊ុន AI FARM Robotics Factory ដើម្បីចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានលើកឡើងថា ក្រុមហ៊ុនគ្រោងពង្រីកការវិនិយោគ និងផលិតកម្មរ៉ូបូតរបស់ខ្លួននៅកម្ពុជា។

លោកក៏បានបញ្ជាក់ថា STS RoboTech នឹងចូលរួមក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅខែមីនា ឆ្នាំ២០២៤ ខាងមុខ ដើម្បីបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន ដែលអាចគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា បច្ចេកវិទ្យាគឺជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានបញ្ជាក់ពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងការធ្វើពិពិតកម្មឧស្សាកម្មរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឧស្សាហកម្មមួយចំនួននៅកម្ពុជាបាន និងកំពុងប្រើប្រាស់រ៉ូបូត ហើយតម្រូវការរ៉ូបូតនឹងមានកាន់តែច្រើននាពេលអនាគត។ ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនផលិតភាពនៅក្នុងវិស័យនានា។

ឯកឧត្តមក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ជំនាញ តាមរយៈកម្មវិធីអប់រំ និងបណ្តុះបណ្តាលវិស័យរ៉ូបូត ព្រមទាំងបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបង្កើតរ៉ូបូតដែលបម្រើសេចក្តីត្រូវការរបស់វិស័យនានា។ ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា រ៉ូបូតនឹងក្លាយទៅជាគោលដៅថ្មីមួយដែលឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រាថ្នាចង់បាន។

ក្រុមហ៊ុន STS Robotech មានឯកទេសខាងផលិតដៃរ៉ូបូតទម្ងន់ស្រាល ដែលរចនាឡើងដើម្បីបរិវត្តកម្មកិច្ចការប្រចាំថ្ងៃដដែលៗនៅក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម និងសេវាកម្មផ្សេងៗ។ ដោយផ្តោតលើរ៉ូបូតផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការដំណើរការគ្រឿងម៉ាស៊ីន និងរ៉ូបូតសម្រាប់ប្រើប្រាស់ទូទៅ ផលិតផលរបស់ក្រុមហ៊ុននេះមានគោលបំណងលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៅកន្លែងធ្វើការ។

អត្ថបទទាក់ទង