Close

នាយិការធនាគារពិភពលោក ចុះស្វែងយល់ពីការដំណាំបន្លែនៅក្នុងផ្ទះសំណាញ់នៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
នាយិការធនាគារពិភពលោក ចុះស្វែងយល់ពីការដំណាំបន្លែនៅក្នុងផ្ទះសំណាញ់នៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នាយិការធនាគារពិភពលោក ចុះស្វែងយល់ពីការដំណាំបន្លែនៅក្នុងផ្ទះសំណាញ់នៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា

បាត់ដំបង ៖ លោកស្រី Mariam Sherman នាយិការធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ បានចុះទៅទស្សនកិច្ចនៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីការដំណាំបន្លែនៅក្នុងផ្ទះសំណាញ់ ដែលបានកំពុងអនុវត្តផែនការអាជីវកម្ម និងការស្ថាបនាផ្លូវសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ ដែលបានអនុម័តដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP ) ។

អញ្ជើញចូលរួមនាឱកាសនោះដែរ មាន លោកស្រី Mariam Salim ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា លោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងាររបស់ធនាគារពិភពលោកសម្រាប់គម្រោង CASDP និងសហការី លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP, លោក ឈឹម វិជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងភ្នាក់ងារអនុវត្តគម្រោង និងក្រុមការងារគម្រោង។

ក្នុងពេលទស្សនកិច្ចនោះដែរ គណៈប្រតិភូបានជួបជាមួយលោក ហ៊ុន វុត្ថា ប្រធានសហគមន៍ពន្លឺថ្មីពេជ្រចិន្តា និងសមាជិកជាអ្នកទទួលផលគម្រោង និងបានទស្សនាជុំវិញកសិដ្ឋានដាំបន្លែក្នុងផ្ទះសំណាញ់។
នេះជាមោទនភាពមួយដែលគម្រោងបានទទួលដំណើរទស្សនកិច្ចនេះ ទៅកាន់សហគមន៍កសិកម្មគាំទ្រដោយធនាគារពិភពលោកនៅសហគមន៍កសិកម្ម។

ក្រុមការងារក៏បានពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងសកម្មភាពអាទិភាពសម្រាប់ការពង្រីកអាជីវកម្មរបស់បងប្អូនក្នុងរយ:ពេល៥ឆ្នាំខាងមុខ។ លោកស្រីនាយិការធនាគារពិភពលោកបានសំដែងការពេញចិត្តចំពោះសមិទ្ធផលដែលសហគមន៍សម្រេចបាន និងសង្ឃឹមថាអាជីវកម្មរបស់បងប្អូនកាន់តែរីកចំរើនថែមទៀត។

លោក ហ៊ុន វត្ថា ប្រធានសហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ក្នុងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង បានជំរាបជូនលោកស្រី Mariam Sherman នាយិកាធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា ភូមា និងឡាវ និងប្រតិភូ ក្នុងអំឡុងទស្សនកិច្ចឈ្វេងយល់អំពីដំណើរការនៃការអភិវឌ្ឍន៍សហគមន៍។ សហគមន៍កសិកម្មនេះ អាចផលិតបន្លែបានប្រមាណពី៨០០គក ទៅ១៥០០គកក្នុង១ថ្ងៃសម្រាប់ផ្គត់ផ្គង់ទីផ្សារ ហើយមានផែនការនឹងផលិតបន្លែឱ្យបាន ៥តោនក្នុង១ថ្ងៃ។

បើតាម ធនាគារពិភពលោក គម្រោងធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជាមានគោលបំណងជួយសម្រួលដល់ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិកម្មចម្រុះនៅក្នុងតំបន់ភូមិសាស្រ្តដែលបានជ្រើសរើសក្នុងប្រទេសកម្ពុជា និងផ្តល់ការឆ្លើយតបភ្លាមៗ និងមានប្រសិទ្ធភាពក្នុងករណីមានវិបត្តិ ឬគ្រាអាសន្ន។

គម្រោងនេះមានធាតុផ្សំចំនួនប្រាំ៖ (១) បើកឱ្យមានការធ្វើពិពិធកម្មកសិកម្ម (2) គាំទ្រហេដ្ឋារចនាសម្ព័ន្ធសាធារណៈ (៣) ការកែលម្អប្រព័ន្ធព័ត៌មានកសិកម្ម និងការគ្រប់គ្រងគុណភាព (4) ការគ្រប់គ្រងគម្រោង ការសម្របសម្រួល និងការត្រួតពិនិត្យ និងការវាយតម្លៃ និង (5) ការឆ្លើយតបពេលមានអាសន្ន៕

អត្ថបទទាក់ទង