ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់នឹងបើកការដ្ឋានសាងសង់ទី១៩ កុម្ភៈ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ នាថ្ងៃទី១៩ កុម្ភៈ ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យដំណើការបើកការដ្ឋានសាងសង់ប្រព្រឹត្តិទៅដោយរលូន ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ នេះ
ដើម្បីប្រកាសនូវសមាសភាពគណៈកម្មការ អនុគណៈកម្មការ និងបែងចែកការងារដែលត្រូវទទួលបន្ទុកក្នុងការត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់។
ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈកម្មការ បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានសាងសង់អាចប្រព្រឹត្តទៅបានដោយរលូន មានរបៀបរៀបរយ ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា៖ ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានព្រែកប្រា-ចាក់អង្រែអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ច សង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង និងព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ។ជាពិសេសស្ពាននេះ នឹងធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជ ធានីភ្នំពេញ ក៏ដូចជា កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់។
គម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពី ព្រែកប្រា-ចាក់អង្រែប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារអាម៉េរិក និងប្រើរយៈពេលសាងសង់៤២ខែ ឬ៣ឆ្នាំកន្លះ។ ស្ពាននេះស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង២៧ម៉ែត្រ មានផ្លូវរថយន្តចំនួន៤គន្លងទៅមក និង២គន្លងសម្រាប់ថ្មើជើង៕