Close

កម្ពុជា – អូស្ត្រាលី កំពុងដំណើការក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជា – អូស្ត្រាលី កំពុងដំណើការក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា កម្ពុជា – អូស្ត្រាលី កំពុងដំណើការក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ ៖
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Amber Cernovs លេខាធិការទីមួយប្រចាំស្ថានទូតអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការ​សួនកសិ-ឧស្សាហកម្ម​ (AIP) នៃកម្មវិធីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)។

កិច្ចប្រជុំនេះ បានបង្ហាញពីយុទ្ធសាស្ត្រអាទិភាព និងសមិទ្ធផលសំខាន់ៗរបស់ CAPRED ក៏ដូចជាយុទ្ធសាស្ត្រអាទិភាពស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការពិភាក្សាក៏បានផ្តោតផងដែរទៅលើភាពធន់នឹងអាកាសធាតុ និងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ នៅពេលចាប់ផ្ដើមដំណើរការ សួនឧស្សាហកម្មនេះនឹងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស មកសាងសង់សួនកសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ និងជំរុញការនាំចេញផលិតផលកសិកម្មគន្លឹះរបស់កម្ពុជា។

តើសួនកសិ-ឧស្សាហកម្ម មានសារៈសំខាន់យ៉ាងណាខ្លះសម្រាប់វិស័យកសិកម្មនៅកម្ពុជា ?

បើតាមការចេញផ្សាយលើបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្លូវការរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា​កាលឆ្នាំ២០២៣ កសិផលកម្ពុជាប្រមាណ ៩៥ភាគរយ ត្រូវបានលក់ចេញទៅតាមបណ្ដាប្រទេសអាស៊ានទាំងមិនទាន់កែច្នៃ។ ក្រោយទិញកសិផលពីកម្ពុជា ប្រទេសទាំងនោះបានកែច្នៃទៅជាផលិតផលសម្រេចមានតម្លៃដែលប្រភពមកពីកម្ពុជា។ ជាក់ស្ដែង កសិផលមួយចំនួនត្រូវបានគេកែច្នៃទៅជាតំណាប់ និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។

ក្នុងន័យនេះ ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ កម្ពុជាចាំបាច់ត្រូវវិនិយោគឱ្យមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួន។

សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ ស្ថានទូតអូស្រ្តាលី បានអះអាងថា សួនកសិ-ឧស្សាហកម្ម មានសក្តានុពលជាខ្លាំងសម្រាប់កម្ពុជា។

យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិ-ឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លា ដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០ម៉ឺនកន្លែង ដែលជាងពាក់កណ្តាលការងារនេះចូលរួមដោយស្ត្រី។

ទាក់ទងនឹងសួនកសិ-ឧស្សាហកម្មនេះ ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញផ្នែកកសិកម្ម បានអះអាងថា ផលិតផលកសិកម្មកែច្នៃ គឺជាបញ្ហាដែលចោទខ្លាំងនៅក្នុងវិស័យកសិកម្ម ដែលទាមទារឱ្យកម្ពុជាជំរុញទាំងផលិតភាព និងការកែច្នៃ ដើម្បីនាំចេញ។ ក្នុងនាមជាប្រទេសកសិកម្មមិនអាចចាំតែផលិតនោះទេ ពោលគឺត្រូវមានការកែច្នៃ វេចខ្ចប់ ដើម្បីនាំចេញដោយផ្ទាល់ផងដែរ។

តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នេះ ការបង្កើតសួនកសិ-ឧស្សាហកម្មក៏ស្ថិតក្នុងចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលផងដែរ។ ស្ថិតក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយសារតែកម្ពុជាជាប្រទេសកសិកម្មស្រាប់ ហើយដែលកន្លងទៅនេះកម្ពុជាច្រើនតែនាំចេញវត្ថុធាតុដើមទៅទីផ្សារខាងក្រៅនោះ ពេលនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការកែច្នៃជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចមុនពេលនាំចេញនៅក្នុងតំបន់សួនកសិ-ឧស្សាហកម្ម៕

អត្ថបទទាក់ទង