Close

ក្រសួងបរិស្ថានជំរុញឱ្យមានថាមពលស្អាតដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងបរិស្ថានជំរុញឱ្យមានថាមពលស្អាតដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទី ក្រសួងបរិស្ថានជំរុញឱ្យមានថាមពលស្អាតដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទី

ភ្នំពេញ:ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ដែលបាន និងកំពុងអនុវត្តគម្រោងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យម នៅស្រុកសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ តាមរយៈថាមពលស្អាត (Green energy) ដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទីនៅកម្ពុជា។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣ ។

លោក សាសាគី កូជី (Sasaki Koji) នាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្រុមហ៊ុនមានគម្រោងពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយប្រើប្រាស់ថាមពលស្អាត (Green energy) បន្ថែមទៀត នៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតគ្រាប់ស្វាយចន្ទីឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានគាំទ្រចំពោះក្រុមហ៊ុន Mirarth Agri Teach Co., Ltd. របស់ជប៉ុន ដែលបានជ្រើសយកកម្ពុជា ជាដៃក្នុងការផលិតគ្រាប់ស្វាយចន្ទី និងនាំកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសបានប្រើប្រាស់ថាមពលស្អាត ហើយថាមពលស្អាតនេះទៀតសោត គឺជាយុទ្ធសាស្រ្តដែលមាននៅក្នុងយុទ្ធសាស្រ្តគន្លឹះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ តាមរយៈការផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ លើសពីនេះ ដំណាំស្វាយចន្ទីជាផ្នែកមួយនៃចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា និងម្យ៉ាងវិញទៀតដើមស្វាយចន្ទីក៏ជាប្រភេទដើមឈើដែលជួយស្រូបយកឧស្ម័នកាបូនិច និងផលិតជាអុកស៊ីសែនទៅក្នុងបរិយាកាសវិញ។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការនេះ បានឆ្លើយតបទៅនឹងមុំទី៥នៃយុទ្ធសាស្រ្តស្នូលទី៤ ដែលបានផ្តោតលើ ការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕

អត្ថបទទាក់ទង