ក្រសួងមហាផ្ទៃបន្តពិភាក្សាលើការកែសម្រួលសេចក្តីព្រាងថ្មី នៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នេះ បាន បន្តរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋាន តំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំបាន ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។
ឯឧត្តមប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះការរៀបចំនូវរចនាសម្ព័ន្ធ អំពីតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ទាំងមូលក៏ដូចជាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃឱ្យបានកាន់តែលម្អិតផងដែរ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមក៏បានរម្លឹកជាថ្មីម្តងទៀតអំពីអនុក្រឹត្យលេខ ១០៩ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ គឺត្រូវការធ្វើបច្ចុប្បន្នភាពជាច្រើន ដោយសារតែក្រសួងមហាផ្ទៃ មានអង្គភាពមួយចំនួនទើបបានបង្កើតថ្មី និងមួយចំនួនទៀតត្រូវបានធ្វើសមាហរណកម្មបញ្ចូលគ្នា។ ដូច្នេះ ក្រសួងមហាផ្ទៃ ត្រូវរៀបចំតាក់តែង និងកំណត់នូវតួនាទីភារកិច្ចរបស់អង្គភាពនីមួយឡើងវិញឱ្យស្របតាមបច្ចុប្បន្នភាព និងស្របតាមច្បាប់ជាធរមាន។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យក់ដឹកនាំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមមានមតិចូលរួម និងផ្តល់ធាតុចូលសំខាន់ៗ ចូលក្នុងអនុក្រឹត្យខាងលើ ដើម្បីឱ្យកាន់តែមានពេញលេញ និងស្របតាមបច្ចុប្បន្នភាព។
ជាមួយគ្នានោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានណែនាំដល់សមាជិកអង្គប្រជុំតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តពិនិត្យមើលឱ្យបានជាក់លាក់ អំពីតួនាទីភារកិច្ចរបស់អង្គភាពខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការរៀបចំអនុក្រឹត្យថ្មីនេះ ល្អគ្រប់ជ្រុងជ្រោយ និងភាពងាយស្រួលដល់ការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពចំណុះក្រសួងមហាផ្ទៃ៕