អ្វីជាលក្ខណៈពិសេសនៃសហគមន៍កសិកម្មទំនើប?
ភ្នំពេញ៖ លក្ខណៈពិសេសរបស់សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករ ជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងរួមប្រកបដោយ វិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង នៅលើទីផ្សារ ទាំងខាងផ្នែក បរិមាណ គុណភាព ថ្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោល គឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍ មុននឹងធ្វើការបែងចែកប្រាក់ចំណេញ ទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិកម្នាក់ៗ។
ប្រជាកសិករទាំងអស់ ដែលមានចំណាប់អារម្មណ៍ អាចចូលរួមដោយស្ម័គ្រចិត្ត ជាមួយសហគមន៍ កសិកម្មទំនើប តាមជម្រើសដូចខាងក្រោម៖
ជម្រើសទី១៖ សហគមន៍កសិកម្មទំនើបជួលដីផលិតកម្ម ឬម៉ៅដំណាំ របស់កសិករជាសមាជិក ដើម្បីយកទៅធ្វើផលិតកម្មកសិកម្មរួមគ្នា។ កសិករ ជាសមាជិកទទួលបាន ចំណូលពីថ្លៃឈ្នួលមូលដ្ឋាននៃការជួលដីផលិតកម្ម រួចម្ការដំណាំ របស់ខ្លួន, កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦, ភាគលាភបន្ថែមពីប្រាក់ចំណេញ របស់សហគមន៍ ទៅតាមសមាមាត្រ នៃភាគហ៊ុនរបស់ខ្លួន ដែលត្រូវបានកំណត់ដោយទំហំដី ឬដំណាំក្នុងចម្ការ ដែលបានជួល ឬម៉ៅឱ្យសហគមន៍, និង ប្រាក់កម្រៃបន្ថែមពីថ្លៃឈ្នួលពលកម្មពីសហគមន៍។
ជម្រើសទី២៖ កសិករជាសមាជិកយកការប្រើប្រាស់ដីផលិតកម្ម ឬ ដំណាំរបស់ខ្លួន ដាក់ចូលធ្វើជាភាគហ៊ុននៅក្នុងសហគមន៍កសិកម្មទំនើប ដើម្បី យកទៅធ្វើផលិតកម្មកសិកម្មរួមគ្នា។ កសិករជាសមាជិកទទួលបាន៖ភាគលាភពីប្រាក់ចំណេញរបស់សហគមន៍ ទៅតាមសមាមាត្រនៃ ភាគហ៊ុនរបស់ខ្លួន ដែលត្រូវបានកំណត់ដោយទំហំដីឬដំណាំក្នុងចម្ការ ដែលបានដាក់ចូលជាភាគហ៊ុន, ប្រាក់កម្រៃបន្ថែមពីថ្លៃឈ្នួលពលកម្មពីសហគមន៍កសិកម្មទំនើប។
សមាជិកភាព និងការចូលរួមជាមួយសហគមន៍កសិកម្មទំនើប ត្រូវធ្វើ ឡើងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងបើកចំហដោយគ្មានការ រើសអើង។ រាល់ការជួល ឬការដាក់ដីផលិតកម្មជាភាគហ៊ុននៅក្នុងសហគមន៍ នឹងមិនប៉ះពាល់ដល់កម្មសិទ្ធិលើដីធ្លីរបស់កសិករជាសមាជិកឡើយ។ សមាជិក ម្នាក់ៗមានសិទ្ធិសុំលាឈប់ពីសមាជិកភាព និងដកដីផលិតកម្ម ឬដំណាំរបស់ ខ្លួនចេញពីសហគមន៍បាន ដោយត្រូវអនុលោមទៅតាមលក្ខន្តិកៈនៃសហគមន៍៕