Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកសំខាន់ណាស់នៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកសំខាន់ណាស់នៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកសំខាន់ណាស់នៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានចូលរួមចំណែកសំខាន់ណាស់នៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ខណៈ គ្រប់សាសនាទាំងអស់មានគោលបំណងដូចគ្នាគឺ អប់រំមនុស្សឱ្យប្រព្រឹត្ត អំពើល្អ និងការគោរពគ្នាទៅវិញទៅមក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរប្រគេព្រះអង្គ បន្ទាប់ពីព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងគោរមងារដ៏ឧត្តុង្គឧត្តមជាសម្តេចព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា។

សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានវត្តអារាមព្រះពុទ្ធសាសនាចំនួន ៥,១៣៣ វត្ត និងមាន ព្រះសង្ឃចំនួន ៦៨,៩៦៧ អង្គ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា យើងគួរមានមោទកភាព ដែលកម្ពុជាមិនមានជម្លោះសាសនា ហើយដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយភាពសុខដុមជាមួយគ្នា។

សម្ដេចបន្តទៀតថា ការបញ្ចប់សង្គ្រាមតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែនបានធ្វើឱ្យគ្រប់សាសនាទាំងអស់រួចពីសេចក្ដីស្លាប់។

ឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុលនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅកម្ពុជា និងបានអំពាវនាវដល់ពុទ្ធបរិស័ទ។ នៅថ្ងៃនេះ សម្តេចធិបតីបានអំពាវនាវអោយជនរួមជាតិទាំងអស់ចូលរួមសាទររីករាយ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ
និងបានស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជាជៀសផុតពីអំពើមិនល្អ និងអបាយមុខផ្សេងៗ នៅក្នុងសង្គមជាតិ៕

 

អត្ថបទទាក់ទង