Close

សម្តេចធិបតី ហ៊ុន ម៉ាណែតបង្ហាញសុទិដ្ឋិនិយមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងជំរុញកំណើនសេដ្ឋកិច្ចជូនដល់ពលរដ្ឋក្នុងតំបន់ជុំវិញ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែតបង្ហាញសុទិដ្ឋិនិយមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងជំរុញកំណើនសេដ្ឋកិច្ចជូនដល់ពលរដ្ឋក្នុងតំបន់ជុំវិញ សម្តេចធិបតី ហ៊ុន ម៉ាណែតបង្ហាញសុទិដ្ឋិនិយមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងជំរុញកំណើនសេដ្ឋកិច្ចជូនដល់ពលរដ្ឋក្នុងតំបន់ជុំវិញ

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អាកាសយន្តដ្ឋានថ្មីនេះ បាននិងកំពុងទទួលបានផលផ្លែពីការអភិវឌ្ឍនៅនឹងកន្លែងតែម្ដង ដោយទទួលបានទាំងកាងារធ្វើ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសពីអាកាសយានដ្ឋានអន្តរជាតិអង្គរថ្មីនេះ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការរុញព្រលានយន្តហោះមកទីតាំងថ្មីនេះ ក៏នឹងជំរុញកំណើនសេដ្ឋកិច្ចនឹងកន្លែងផងដែរ ដោយបច្ចុប្បន្ន បន្ថែមពីលើផ្ទៃដី ៧០០ ហិកតាសម្រាប់សាងសង់ព្រលានយន្តហោះ រាជរដ្ឋាភិបាលក៏បានបម្រុងដីទុក ១០០០ ហិកតាផ្សេងទៀត ដើម្បីបម្រើជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលនឹងធ្វើឱ្យតំបន់នេះក្លាយជាចំណុចកណ្ដាលនៃខេត្តសៀមរាប។

ជាមួយគ្នានោះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ថា តំបន់ជីក្រែង និងសូត្រនិគមនេះ ធ្លាប់ជាសមរភូមិប្រយុទ្ធ ហើយតាមផ្លូវមកកាន់ទីតាំងព្រលានយន្តហោះថ្មីនេះ ពោរពេញទៅដោយគ្រាប់មីន។ ប៉ុន្តែបន្ទាប់ពីការអនុវត្តដោយជោគជ័យ នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ សន្តិភាពក៏ត្រូវបានស្ដារឡើងវិញនៅក្នុងតំបន់នេះ និយាយដោយឡែក និងនៅទូទាំងប្រទេស និយាយជារួម។

បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតក៏បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាផ្លែផ្កានៃសុខសន្តិភាព និងជាសមិទ្ធផលលេចធ្លោថ្មីបន្ថែមទៀត នៃចំណងមិត្តភាពដែកថែបកម្ពុជា ចិន បន្ទាប់ពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២២ ខណៈព្រលានយន្តហោះថ្មីនេះ ត្រូវបានកសាងឡើងក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖« យើងបានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងបន្ថែមទៀត ដែលនឹងអាចជួយទៅដល់សេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបផងដែរ»។

សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋដែលបានផ្ទេរមិនរស់នៅតំបន់រុនតាឯក ក៏នឹងទទួលបានផលយ៉ាងច្រើនពីការអភិវឌ្ឍនេះផងដែរ។

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត ចក្ខុវិស័យដ៏យូរអង្វែងរបស់រដ្ឋាភិបាលកម្ពុជា គឺត្រូវឱ្យការអភិវឌ្ឍនិងការអភិរក្សដើរទន្ទឹមគ្នា ហើយការជ្រើសរើសទីតាំងដែលមានចម្ងាយប្រមាណ ៤៥គម ពីរមណីយដ្ឋានអង្គរនេះ គឺដោយផ្អែកលើចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ពោលគឺគោរពទៅតាមគោលការណ៍ចំនួន២ គឺ៖ ការអភិវឌ្ឍនិងការអភិរក្ស ដែលត្រូវតែដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងដោយមានការរួមចំណែកខិតខំប្រឹងប្រែងជ្រោមជ្រែងពីសំណាក់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានសិក្សាយ៉ាងល្អិតល្អន់ពីលក្ខខណ្ឌបច្ចេកទេសទៅតាមការកំណត់របស់អង្គការយូណេស្តូ ពាក់ព័ន្ធទៅនឹងរង្វង់ចម្ងាយសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យ និងធានាដល់កិច្ចគាំពារ អភិរក្សរមណីយដ្ឋានអង្គរ មុនសនឹងម្រេចជ្រើសរើសទីតាំងនេះ ដាក់ជូនរាជរដ្ឋាភិបាលធ្វើការសម្រេចចិត្ត។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអភិវឌ្ឍ គឺការប្រែក្លាយតំបន់ដាច់ស្រយាល និងជាអតីតសមរភូមិប្រយុទ្ធមួយនេះ ឱ្យមានសកម្មភាពសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះតំបន់នេះនឹងក្លាយជាតំបន់កណ្ដាលក្រុងនាពេលឆាប់ៗខាងមុខផងដែរ។ ចំណែកឯការអភិរក្សវិញ គឺដើម្បីធានាថាសម្បត្តិវប្បធម៌ដែលបន្សល់ទុកដោយដូនតា នឹងបន្តឈរនៅស្ថិតស្ថេរគង់វង្សរាប់ពាន់ឆ្នាំតទៅមុខទៀត៕

អត្ថបទទាក់ទង