Close

ក្រសួងបរិស្ថាន និងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សហការគ្នាដើម្បីជំរុញវិស័យអេកូទេសចរណ៍​ខេត្តរតនគិរី

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងបរិស្ថាន និងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សហការគ្នាដើម្បីជំរុញវិស័យអេកូទេសចរណ៍​ខេត្តរតនគិរី ក្រសួងបរិស្ថាន និងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សហការគ្នាដើម្បីជំរុញវិស័យអេកូទេសចរណ៍​ខេត្តរតនគិរី

នារសៀលថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋ​មន្រ្តីក្រ​សួងបរិស្ថាន បានអនុញ្ញាតឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញការផ្សព្វផ្សាយផ្សារភ្ជាប់ដំរី ធម្មជាតិ និងជនជាតិដើម ក្នុងគោល​បំណងលើកកម្ពស់វិស័យអេកូទេសចរណ៍ខេត្តរតនគិរី។

តាមរយៈជំនួបនេះ លោកស្រី ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគម​អភិរក្សដំរីខ្មែរអៃរាវត្តាបានឱ្យដឹងថា បច្ចុប្បន្នសមាគមអៃរាវត្តាមានដំរីចំនួន៤ក្បាល ក្នុងនោះរួមមាន ដំរីញី១ក្បាល ឈ្មោល២ក្បាល និងកូនដំរីញី១ក្បាលទៀតឈ្មោះ ណូអែល ទេវី។

ជាមួយគ្នានេះ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាក៏បានស្នើសុំការគាំទ្របន្ថែមទៀតពីក្រសួងបរិស្ថាន លើសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះឱ្យកាន់តែទូលំទូលាយថែមទៀត ផងដែរ។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីជំហរ​គាំទ្រនូវរាល់ការអភិវឌ្ឍ​សកម្មភាព​​អេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះ។ ក្រសួងបរិស្ថានបានប្ដេជ្ញា​គាំទ្រ​ទាំងស្រុង ហើយក៏នឹងរៀបចំពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍​ និងតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិផ្សេងទៀត។

ការគាំទ្របែបនេះរបស់ក្រសួងបរិស្ថានគឺ ដើម្បីតភ្ជាប់ជារបៀងទេសចរណ៍ធម្មជាតិផង និងបង្កើន​វិសាលភាពតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យវិស័យ​ទេសចរណ៍កាន់តែមានភាពទាក់ទាញផង។

គួររំលឹកថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការងារ បរិស្ថាន ធនធានធម្មជាតិ អប់រំស្រាវជ្រាវ វប្បធម៌ប្រពៃណីខ្មែរ ដោយផ្តោតលើការងារសំខាន់ចម្បងចំនួន ៣គឺ ទី១. ជួយកិច្ចការអភិរក្សដំរីស្រុកនៅកម្ពុជាដែលប្រឈមនឹងការផុតពូជ ។ ទី២.ជួយលើកកម្ពស់វិស័យអេកូទេសចរណ៍នៅក្នុងតំបន់ធនធានធម្មជាតិ និងទី៣.បង្កាត់ពូជដំរីស្រុក ឱ្យកើតកូនកើតចៅបានកាន់តែច្រើន៕

អត្ថបទទាក់ទង