Close

ក្រសួងទេសចរណ៍ជំរុញវាយតម្លៃពាក់កណ្តាលអាណត្តិផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ជំរុញវាយតម្លៃពាក់កណ្តាលអាណត្តិផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ក្រសួងទេសចរណ៍ជំរុញវាយតម្លៃពាក់កណ្តាលអាណត្តិផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃពាក់កណ្តាលអាណត្តិ ផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ២០២១-២០២៥” ដើម្បីលើកស្ទួយវិស័យទេសចរណ៍ថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពិ ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ សរុបចំនួន ១០០រូប។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា តាមរយៈសិក្ខាសាលានេះ បានបង្ហាញអំពីស្មារតីទទួលខុសត្រូវរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករសំខាន់សម្រាប់កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន “រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ” ដោយអនុវត្តនូវផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នរាជធានី-ខេត្ត ២០២១ ២០២៥ ដែលបានអនុម័តដោយរដ្ឋបាលរាជធានីខេត្តនីមួយៗ។

ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព នូវយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានីខេត្ត ដោយបានចងក្រង និងអនុម័តនូវឯកសារផែនការអភិវឌ្ឍទេសចរណ៍ ដ៏មានសារៈសំខាន់ និងបានអនុវត្តប្រកបដោយភាពបទបែន នវានុវត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតមកដល់ពេលនេះ ដែលត្រូវវាយធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិ ពិសេសដើម្បីតម្រង់ទិសការអនុវត្តនៅឆ្នាំបន្តបន្ទាប់ឲ្យស្របតាមគំនិតផ្តួចផ្តើម បង្កើន៥ និងអភិវឌ្ឍ៣ របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ទាក់ទិនឹងបញ្ហានេះ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ បានគូសបញ្ជាក់ថាយោងតាមច្បាប់ស្តីពី “ទេសចរណ៍” ឆ្នាំ២០០៩ ត្រង់មាត្រា៥ បានចែងថា៖ ផែនការអភិវឌ្ឍទេសចរណ៍ រួមមានផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់ជាតិ ថ្នាកតំបន់ និងផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំផែនការអភិវឌ្ឍទេសចរណ៍សម្រាប់មូលដ្ឋានរបស់ខ្លួន។ កន្លងមក ដោយមានមន្ទីរទេសចរណ៍រាជធានីខេត្ត ជាសេនាធិកា រដ្ឋបាលខេត្តបានរៀបចំផែនការអភិវឌ្ឍទេសចរណ៍របស់ខ្លួនបានយ៉ាងល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ដែលបានជួយគាំទ្រយ៉ាងសកម្មដល់ការចូលរួមសម្រេចផែនការអភិវឌ្ឍទេសចរណ៍របស់ថ្នាក់ជាតិផងដែរ។

លោកប្រធានបានបន្តថា កន្លងមកក្រសួងទេសចរណ៍ បានអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ២០១២-២០២០ ហើយរដ្ឋបាលរាជធានីខេត្តក៏បានសំយោគនូវយុទ្ធសាស្ត្រអាទិភាពរបស់ថ្នាក់ជាតិ ទៅជាយុទ្ធសាស្ត្ររបស់ខ្លួនដោយបានរៀបចំនូវផែនការអភិវឌ្ឍទេសចរណ៍រយៈពេលប្រាំឆ្នាំរួមមាន ឆ្នាំ២០១៤-២០១៨ និង២០១៩-២០២៣។ ដោយសារវិបត្តិជាសកលនូវជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានដាក់ចុះជាបន្ទាន់នូវ “ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” ហើយនៅពេលនោះក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ ក៏ជូនដំណឹងឲ្យរដ្ឋបាលខេត្តរៀបចំធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០១៨-២០២៤ ទៅជាផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ របស់រាជធានីខេត្ត ឲ្យស្របតាមភាពចាំបាច់នៃការស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវបត្តិជំងឺកូវិដ-១៩។

ដើម្បីឲ្យមានសង្គតិភាពនៃការរៀបចំ អនុវត្ត និងការវាយតម្លៃផែនការអភិវឌ្ឍទេសចរណ៍រាជធានីខេត្ត នាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍ ក៏បានសម្របសម្រួលការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ដោយយកចិត្តទុកដាក់ខ្ពស់លើយុទ្ធសាស្ត្ររួមចំនួន ៦រួមមាន៖ (១) ការអភិវឌ្ឍន៍ផលិតផល និងពង្រឹងគុណភាពទេសចរណ៍ (២) ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (៣) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍ (៤) សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន (៥) ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង (៦) ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ(៧) ការវិនិយោគក្នុងវិស័យទេសចរណ៍ និង(៨) ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងមានចង្កោមសមកម្មភាព សកម្មភាពអាទិភាពរយៈពេលខ្លី មធ្យម និងរយៈពេលវែង ទៅតាមសក្តានុពលនៃធនធាន និងបរិបទរបស់ខេត្តនីមួយៗ។

ចំណែក ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលរាជធានីខេត្ត គឺជាចលករមួយដើម្បីតម្រ់ងទិសការអនុវត្ត ការរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាចំពោះមុខនៃការអនុវត្ត និងស្វែងរកដំណោះស្រាយប្រកបដោយភាពបទបែន និងគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យរដ្ឋបាលរាជធានីខេត្ត សម្រេចបាននូវចក្ខុវិស័យ គោលដៅ និងគោលបំណងដែលបានដាក់ចុះ ដោយក្នុងនោះក្រសួងទេសចរណ៍ ត្រៀមជាស្រេចក្នុងការគាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេស ដើម្បីសម្របសម្រួល និងតម្រង់ទិសការអនុវត្តឲ្យស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍របស់រាជរដ្ឋាភិបាល។

អត្ថបទទាក់ទង