Close

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី ១ មានដំណើរការល្អប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី ១ មានដំណើរការល្អប្រសើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី ១ មានដំណើរការល្អប្រសើរ

ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃដំបូងបានចាប់ផ្តើម ប្រកបដោយដោយរលូន និងមានដំណើការល្អ ខណៈ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកវិញ្ញាសារនៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។

នៅមុនដំណើការនៃការចាប់ផ្តើមប្រឡងសំណេររបស់បេក្ខជន ក៏មានសកម្មភាពឆែកប្រមូលសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជន ដោយណៈកម្មការអនុរក្ស មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដោយបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

ជាមួយគ្នានេះ ចំមពោះ ការរៀបចំវេចខ្ចប់សន្លឹកកិច្ចការនៅតាមមណ្ឌលប្រឡង នៃដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការ អប្បមាទ ប្រធាន អនុប្រធានមណ្ឌល ប្រកប ដោយ ការ យក ចិត្ត ទុកដាក់ ប្រុង ប្រយ័ត្ន ស្មារតី ទទួល ខុសត្រូវ ខ្ពស់។ សម្រាប់ការប្រឡងឆ្នាំនេះ មានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។

វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន។

ដោយឡែក គណៈមេប្រយោគទូទាំងប្រទេសប្រចាំការកំពុងទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងទំព័របណ្ដាញសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់) ខណៈមណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទទាក់ទង